អ្នកឧកញ៉ា សំ អាង អញ្ជើញសម្ពោធបើកដំណើរការ ធនាគារ វឌ្ឍនៈ សាខាទី៣៩ នៅស្រុកស្នួល ខេត្តក្រចេះ

ជុំវិញ​ឧកញ៉ា

ធនាគារ វឌ្ឍនៈ សាខាស្រុកស្នួល ខេត្តក្រចេះ ដែលជាសាខាថ្មីទី៣៩ មានទីតាំងស្ថិតនៅភូមិក្បាលស្នួល ឃុំស្នួល ស្រុក​ស្នួល ខេត្តក្រចេះ បានបើកសម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ផ្តល់សេវាកម្មធនាគារជូនអតិថិជន​ជា​ផ្លូវការ​ កាលពី​ព្រឹក​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ធនាគារ វឌ្ឍនៈ ​​ខាង​លើ​នេះ​​ បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក​ គង់ គឹមនី អភិបាលរង​នៃគណ:អភិបាលខេត្តក្រចេះ និង អ្នកឧកញ៉ា សំ អាង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វឌ្ឍនៈ ព្រមទាំង​ភ្ញៀវកិត្តិយស​ជាច្រើនរូបទៀត។

នេះជា​ការ​បើក​សម្ពោធ​សាខា​ថ្មី​​ស្រឡាង​មួយ​ទៀត​នៃ​ធនាគារ វឌ្ឍនៈ ​ក្រោម​វត្តមាន​ អ្នកឧកញ៉ា សំ អាង បន្ទាប់ពី​អ្នកឧកញ៉ា បាន​អញ្ជើញ​ទៅ​បើក​សម្ពោធ​​ធនាគារ វឌ្ឍនៈ សាខាស្រុកត្រាំកក់-ឃុំអង្គតាសោម ខេត្តតាកែវ ដែល​ជា​សាខា​ទី៣៨ កាលពី​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ និង​បើក​សម្ពោធ​ធនាគារ វឌ្ឍនៈ សាខាខេត្តព្រះសីហនុ ជា​សាខាទី៣៧ មានទីតាំងស្ថិតនៅវិថីឯករាជ្យ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣។​​​

សូម​ជម្រាប​ថា ធនាគារ វឌ្ឍនៈ គឺជាធនាគារ ដែលមានភាគទុនិកក្នុងស្រុកសុទ្ធ បង្កើតឡើងនៅក្នុងឆ្នាំ២០០២។ ធនាគារ​នេះ​ មានទីស្នាក់ការកណ្តាល នៅជាន់ទី២ នៃវិមានវឌ្ឍនៈ កាពីតាល នៅរាជធានីភ្នំពេញ។ បច្ចុប្បន្ន​ថ្នាក់ដឹកនាំ​ធនាគារ វឌ្ឍនៈ រួមមាន​ អ្នកឧកញ៉ា សំ អាង ជាប្រធានក្រុមប្រឹក្សាភិបាល, អ្នកឧកញ៉ា ឈុន លាង បណ្ណាធិការ, លោក Anthony Chin Min Khong ជនជាតិម៉ាឡេស៊ី ជាអគ្គនាយកប្រតិបត្តិ និង​អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ជានាយកមិនប្រតិបត្តិ៕