វេទិកាសេដ្ឋកិច្ចពិភពលោកលើកទី៥៤ កំពុងប្រព្រឹត្តទៅនៅក្នុងទីក្រុង Davos ប្រទេសស្វីស ក្រោមការចូលរួមពីភ្ញៀវកិត្តិយសច្រើនជាង ២ ៨០០នាក់ មកពី ១២០ប្រទេស ដោយក្នុងនោះក៏មានថ្នាក់ដឹកនាំកំពូលនៃប្រទេសចំនួន ៦០រូប និងរដ្ឋមន្ត្រីការបរទេសចំនួន ៤០រូបផងដែរ។
យោងតាមការចុះផ្សាយពីគេហទំព័រ Swissinfo បានបង្ហាញថា ក្នុងចំណោមមេដឹកនាំនៃប្រទេសចំនួន ៦០ គឺមានដូចជា ប្រធានាធិបតីសហព័ន្ធស្វីស លោកស្រី Viola Amherd ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នាយករដ្ឋមន្ត្រីចិន លោក Li Qiang ប្រធានាធិបតីបារាំង លោក Emmanuel Macron ប្រធានាធិបតីអាហ្សង់ទីន លោក Javier Milei និងប្រធានគណកម្មាការអឺរ៉ុប លោកស្រី Ursula von der Leyen ក៏មានវត្តមាននៅវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ ផងដែរ។
បន្ថែមពីនោះ មន្ត្រីជាន់ខ្ពស់ជាច្រើនក៏បានបង្ហាញមុខនៅវេទិកា WEF លើកទី៥៤ ផងដែរ ដែលមានដូចជា ប្រមុខការទូតអាមេរិក លោក Antony Blinken ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan ជាដើម។
សូមជម្រាបបន្ថែមថា ក្រៅពីអ្នកនយោបាយមានមុខមាត់ វេទិកា WEF ឆ្នាំ២០២៤ ក៏មានការអញ្ជើញចូលរួមពីសំណាក់ធុរកិច្ចជនជាន់ខ្ពស់ជាច្រើនរូប ដូចជាប្រធានក្រុមហ៊ុនសាជីវកម្មឱសថ Novartis លោក Vas Narasimhan លោក Mark Schneider នាយកប្រតិបត្តិក្រុមហ៊ុន Nestle និង CEO នៃធនាគារ UBS Group លោក Sergio Ermotti ជាដើម៕