យោងតាមសារព័ត៌មាន CNBC បានធ្វើការចុះផ្សាយថា នៅថ្ងៃទី១៨ ខែមករានេះ អតីតរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរបស់ប្រទេសសិង្ហបុរីលោក Subramaniam Iswaran ត្រូវបានរងការចោទប្រកាន់ពីបទល្មើសពុករលួយ និងសូកប៉ាន់។
អតីតរដ្ឋមន្ត្រីរូបនេះ កំពុងប្រឈមមុខនឹងការផាកពិន័យ ហើយអាចប្រឈមនឹងជាប់ពន្ធនាគាររហូតដល់ ៧ឆ្នាំ បន្ទាប់ពីត្រូវបានរងការចោទប្រកាន់ចំនួន ២៧បទល្មើស ដែលក្នុងនោះ ២៤ករណីពាក់ព័ន្ធនឹងការទទួលសំណូកក្នុងនាមខ្លួនជាមន្ត្រីសាធារណៈ ២ករណីជាបទល្មើសអំពើពុករលួយ និង ១ករណីពាក់ព័ន្ធលើការរារាំងដំណើរការយុត្តិធម៌។
មន្ត្រីដែលជាអ្នកឃ្លាំមើលលើអំពើពុករលួយរបស់សាធារណរដ្ឋសិង្ហបុរី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Iswaran ត្រូវបានចោទប្រកាន់ពីបទទទួលសំណូកសូកប៉ាន់ក្នុងទម្រង់ផ្សេងៗគ្នា ដែលមានតម្លៃសរុបជិត ២៩៧ ៨៤២ដុល្លារអាមេរិកពីមហាសេដ្ឋី Ong Beng Seng ។
មន្ត្រីឃ្លាំមើលអំពើពុករលួយ បានបន្ថែមទៀតថា ការសូកប៉ាន់មួយចំនួនមកលើអតីរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរូបនេះ គឺជាថ្នូរនឹងការជំរុញផលប្រយោជន៍អាជីវកម្មរបស់លោក Ong ក្នុងបញ្ហាទាក់ទងនឹងកិច្ចសន្យារវាង Singapore Grand Prix និងក្រុមប្រឹក្សាទេសចរណ៍របស់ប្រទេស។
មួយវិញទៀត លោក Iswaran ត្រូវបានចោទប្រកាន់ពីបទទទួលបានសំបុត្រចូលរួមកម្មវិធីប្រណាំងរថយន្ត Formular One នៅឯ Singapore Grand Prix កាប្រកួតបាល់ទាត់ ការសម្តែងនៅចក្រភពអង់គ្លេស និងការធ្វើដំណើរតាមយន្តហោះឯកជនរបស់លោក Ong ផងដែរ។
គួរបញ្ជាក់ថា សំបុត្រចំនួន ៥០សន្លឹកដែលគាត់ទទួលបាន ដើម្បីទស្សនាការប្រណាំងរថយន្តនៅសិង្ហបុរីនោះមានតម្លៃប្រហែល ១០៧ ៩០៦ដុល្លារអាមេរិក ខណៈដែលការធ្វើដំណើរតាមយន្តហោះឯកជនរបស់លោក Ong ពីសិង្ហបុរីទៅកាន់ទីក្រុងដូហាមានតម្លៃប្រហែល ៤ ២៤១ដុល្លារអាមេរិក។
សូមជម្រាបថា បើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យនាយករដ្ឋមន្ត្រីបានបង្ហាញថា លោក Iswaran បានលាលែងពីតំណែងជារដ្ឋមន្ត្រីដឹកជញ្ជូន និងជាសមាជិកនៃគណបក្សសកម្មភាពប្រជាជនដែលជាបក្សកំពុងកាន់អំណាចសព្វថ្ងៃកាលពីថ្ងៃទី១៧ ខែមករាសប្តាហ៍នេះ៕