កម្ពុជា-ឡាវ បេ្តជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថាមពលជាមួយគ្នាបន្ថែមទៀត

អន្តរជាតិ

កម្ពុជា និងឡាវ បានធ្វើការអះអាងសារជាថ្មីចំពោះការប្តេជ្ញាចិត្តក្នុងកិច្ចសហប្រតិបត្តិការលើវិស័យថាមពលរវាងប្រទេសទាំងពីរបន្ថែមទៀត ក្នុងអំឡុងពេលកិច្ចប្រជុំនាពេលថ្មីៗនេះ រវាងនាយករដ្ឋមន្ត្រីឡាវ លោក សន សៃ ស៊ីផាន់ដន និងរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជា លោក កែវ រតនៈ នៅទីក្រុងវៀងចន្ទន៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដូចដែលបានរាយការណ៍ដោយសារព័ត៌មាន Khmer Times បានបង្ហាញឲ្យដឹងថា ដើម្បីជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញតម្រូវការថាមពលដែលកំពុងមានការកើនឡើង កម្ពុជា បាននាំចូលប្រហែល ២៥% នៃតម្រូវការថាមពលរបស់ខ្លួនពីប្រទេសឡាវ វៀតណាម និងប្រទេសថៃ។

បច្ចុប្បន្ននេះ ប្រទេសកម្ពុជា ​បាន​នាំ​ចូល​ថាមពលអគ្គិសនីប្រមាណ ៤៤៥ មេហ្គាវ៉ាត់ ​ពី​ប្រទេស​ឡាវ ខណ:ការជួញដូរថាមពល​រវាងប្រទេសទាំងពីរ ​ត្រូវ​បាន​គេ​ព្យាករ​ថាអាចនឹងមានការ​​កើន​ដល់ ៦០០០ មេហ្គាវ៉ាត់​ នៅ​ឆ្នាំ២០៣០ ខាងមុខ។

គួរឲ្យដឹងថា ជាមួយនឹងការដាក់ឲ្យដំណើរការខ្សែបណ្តាញបញ្ជូនថាមពលអគ្គិសនីថ្មី​ កម្លាំង ៥០០ គីឡូវ៉ុល ដែលតភ្ជាប់ពីស្ថានីយអគ្គិសនីនៅភូមិមួយ ក្នុងខេត្តចំប៉ាសាក់ភាគខាងត្បូងនៃប្រទេសឡាវ ទៅកាន់តំបន់ព្រំដែននៃប្រទេសកម្ពុជាកាលពីឆ្នាំមុន ទំនាក់ទំនងលើវិស័យថាមពលរវាងប្រទេសទាំងពីរ បានឈានដល់កម្រិតថ្មីមួយបន្ថែមទៀត។

ជម្រាបជូនទៀតផងដែរថា នៅឆ្នាំ២០៣០ ប្រទេសឡាវ ត្រូវបានគេរំពឹងថានឹងបង្កើតថាមពលអគ្គិសនីបន្ថែមដល់ ៥ ៥៥៩ មេហ្គាវ៉ាត់​​ ដោយក្នុងនោះ ៧៧.៥៩% នឹងបានមកពីប្រភពវារីអគ្គិសនី និងប្រភពថាមពលសេសសល់នឹងទទួលបាន ពីរោងចក្រថាមពលពន្លឺព្រះអាទិត្យ ខ្យល់ និងធ្យូងថ្ម៕