ក្រសួងកសិកម្មហ្វីលីពីន (DA) កាលពីថ្ងៃទី១៧ ខែមករាកន្លងទៅ បានប្រកាសថាប្រទេសរបស់ខ្លួន នឹងធ្វើការហាមឃាត់ការនាំចូលសត្វបក្សីរស់ រួមទាំងសាច់ និងស៊ុតបក្សី ពីរដ្ឋកាលីហ្វ័រញ៉ា និងអូហៃយ៉ូ របស់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក Francisco Tiu Laurel បាននិយាយថា ជុំវិញវិធានការថ្មីនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីដែលមានកម្រិតឆ្លងខ្ពស់ (HPAI) នៅក្នុងរដ្ឋធំៗរបស់សហរដ្ឋអាមេរិកទាំងពីរ។
លោក Francisco បានបន្ថែមឲ្យដឹងទៀតថា ការឆ្លងរីករាលដាលយ៉ាងឆាប់រហ័សនៃមេរោគ HPAI H5N1 នៅក្នុងទឹកដីសហរដ្ឋអាមេរិក បាននាំឲ្យមានការរឹតបន្តឹងខ្លាំងទៅលើការធ្វើពាណិជ្ជកម្មរវាងប្រទេសហ្វីលីពីន ក្នុងគោលបំណងបង្ការការឆ្លងរីករាលដាលនៃជំងឺ HPAI និងការពារសុខភាពរបស់ប្រជាជនក្នុងតំបន់។
យោងតាមរបាយការណ៍ពីក្រសួងកសិកម្មហ្វីលីពីន បានបង្ហាញឲ្យដឹងថា សហរដ្ឋអាមេរិកគឺជាអ្នកផ្គត់ផ្គង់សាច់បក្សី និងផលិតផលបសុបក្សីធំបំផុតទីពីរ មកកាន់ប្រទេសហ្វីលីពីន ដែលមានចំនួនប្រហែល ៤០% នៃការនាំចូលសាច់បក្សីសរុបរបស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។
ជម្រាបជូនផងដែរថា កាលពីថ្ងៃទី៩ ខែមករា ប្រទេសហ្វីលីពីន ក៏បានបញ្ឈប់ការនាំចូលផលិតផលបសុបក្សី និងសត្វបក្សីក្នុងស្រុក ពីប្រទេសបែលហ្ស៊ិក និងបារាំង ផងដែរ ខណៈពេលដែលប្រទេសទាំងពីរ សុទ្ធសឹងតែបានរាយការណ៍ពីការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីប្រភេទថ្មីនេះ៕