រដ្ឋាភិបាលថៃ កំពុងដាក់ចេញផែនការជំរុញការនាំចេញអង្ករទ្រង់ទ្រាយធំ នៅឆ្នាំនេះ

អន្តរជាតិ

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Phumtham Wechayachai កំពុងចេញដាក់ចេញផែនការជំរុញការនាំចេញអង្កររបស់ខ្លួនទ្រង់ទ្រាយធំ ដោយក្នុងនោះរួម​បញ្ចូល​ទាំងកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ក្នុងការនាំចេញអង្ករចំនួន ១ លានតោន ជាមួយប្រទេសឥណ្ឌូនេស៊ី ក៏ដូចជា ១ លានតោនផ្សេងទៀត ជាមួយវិស័យឯកជន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បច្ចុប្នន្ន លោក Phumtham កំពុងបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែមករា ដើម្បីចរចារលើការពង្រីកទីផ្សារអង្ករ ក៏ដូចជាជំរុញទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ និងស្វែងរកប្រភពនាំចូលអង្ករថ្មីៗ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។

គួរឲ្យដឹងថា ​ថៃ​ជា​ប្រទេស​នាំ​ចេញ​អង្ករ​ធំ​បំផុតទី​ពីរ​របស់​ពិភពលោក បន្ទាប់​ពី​ប្រទេស​ឥណ្ឌា។ ហើយក្រៅតែពីសហរដ្ឋអាមេរិក ប្រទេសថៃក៏កំពុងចរចារលក់អង្ករជាមួយប្រទេសផ្សេងទៀត រួមមានប្រទេសអ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងប្រទេសក្នុងតំបន់អាហ្វ្រិកមួយចំនួនទៀតផងដែរ។

ជុំវិញការដាក់ចេញផែនការថ្មីនេះ ប្រទេសថៃ មានបំណង​ចង់សម្រេច​បាន​ការ​នាំ​ចេញអង្ករ​សរុប​មិន​តិច​ជាង ៨,៥ លាន​តោន​ នៅ​ត្រឹមដំណាច់​ឆ្នាំ​២០២៤ នេះ។

ក្នុងរយៈពេល ១១ខែដំបូងនៃឆ្នាំ ២០២៣ ប្រទេសថៃ បាននាំចេញអង្ករសរុបចំនួន ៧,៩៤ លានតោន កើនឡើង ១៤,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ខណ:តម្លៃនៃការនាំចេញទាំងនេះ មានចំនួនសរុប ១៥៩,៥ពាន់លានបាត (៤,៦១ពាន់លានដុល្លារ) ពោលគឺបានកើនឡើង ២៨,៩% ។

ជម្រាបជូនផងដែរថា ទីផ្សារនាំចេញអង្ករកំពូលរបស់ថៃ គឺប្រទេសឥណ្ឌូនេស៊ីដែលមានចំនួន ១,២៧ លានតោន បន្ទាប់មកគឺប្រទេសអាហ្រ្វិកមានចំនួន ៨៧៦ ១៨៤ តោន អ៊ីរ៉ាក់ចំនួន ៨១៤ ៨០៥ តោន សហរដ្ឋអាមេរិកចំនួន ៦៤៨ ៩៤៦ តោន និងប្រទេសចិនចំនួន ៣៦៧ ២០៤ តោន៕