អ្នកឧកញ៉ា ជឹង សុគន្ធាវី អគ្គនាយិកានៃក្រុមហ៊ុនទឹកពិសាវីតាល់ និងផលិតផលមីជាតិ បានរៀបចំកម្មវិធីសប្បុរសធម៌ចែករំលែកភាពកក់ក្ដៅលើកទី៧ ដល់ប្រជាជនក្រីក្រ ចាស់ជរា និងលោកតាស៊ីក្លូ នៅបរិវេណវិមានពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ។
មិនខុសពីឆ្នាំមុនៗនោះទេ កម្មវិធីសប្បុរសធម៌នេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីចែកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ ថ្នាំសង្កូវ និងថវិកាមួយចំនួន ជូនលោកតាលោកយាយ ចាស់ជរា និងប្រជាជនមានជីវភាពខ្សត់ខ្សោយ ក្នុងរាជធានីភ្នំពេញ។
អ្នកឧកញ៉ា ជឹង សុគន្ធាវី ធ្លាប់បានបញ្ជាក់ដូច្នេះថា៖ “ព្រឹត្តិការណ៍សប្បុរសធម៍ ប្រចាំឆ្នាំនេះ ត្រូវបានរៀបចំឡើងដោយមានគោលបំណង និងគុណតម្លៃយ៉ាងច្បាស់លាស់ ក្នុងការផ្សាយមេត្តាចិត្ត ជាមួយគោលការណ៍ស្រលាញ់រាប់អាន ផ្តល់អធ្យាស្រ័យ និងគោរពគ្នាដោយស្មោះស្ម័គ្រ ក្នុងនាមជាមនុស្សជាតិតែមួយ តាមរយៈការចែករំលែកនូវស្បៀងអាហារ ថវិកា ថ្នាំសង្កូវ ជូនដល់លោកតា លោកយាយ លោកពូ អ្នកមីង បងៗ អ្នកខ្សត់ខ្សោយ ខ្វះខាត ដែលជួបប្រទះការលំបាក។
សូមជម្រាបថា កម្មវិធីសប្បុរសធម៌ “ចែករំលែកផ្តល់ភាពកក់ក្តៅ” ត្រូវបានផ្តួចផ្តើម និងរៀបចំឡើងដោយក្រុមហ៊ុនទឹកពិសាវីតាល់តាំងពីឆ្នាំ២០១៦ ហើយមកដល់ឆ្នាំនេះគឺជាលើកទី៧។ ចំពោះក្រុមហ៊ុនមីជាតិ នេះជាឆ្នាំទី៤ របស់ខ្លួន ដែលបានចូលរួមសហការជាមួយក្រុមហ៊ុនវីតាល់ក្នុងការរៀបចំកម្មវិធីនេះឡើង។ ក្រុមហ៊ុនទាំងពីរ ប្តេជ្ញាបន្តសកម្មភាពរបស់ខ្លួននៅក្នុងការងារសប្បុរសធម៌ ក្នុងបុព្វហេតុជួយដល់សង្គមលើគ្រប់វិស័យ ដើម្បីសង្គមជាតិក្នុងស្មារតី ខ្មែរតែមួយជួយគ្នាក្នុងគ្រាលំបាក៕