ថៃ បេ្តជ្ញាចិត្តធ្វើការជាមួយប្រទេសសមាជិកអាស៊ាន ដើម្បីជួយលើកកម្ពស់សន្តិភាពនៅមីយ៉ាន់ម៉ា

អន្តរជាតិ

ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេសថៃ ​លោក Parnpree Bahiddha-Nukara បាននិយាយថា ប្រទេសថៃ បានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការប្តេជ្ញាចិត្តបន្តផ្តលជំនួយមនុស្សធម៌ដល់ប្រទេសមីយ៉ាន់ម៉ា ហើយនឹងធ្វើការជាមួយប្រទេសសមាជិកផ្សេងទៀតនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីលើកកម្ពស់សន្តិភាពនៅក្នុងប្រទេសជិតខាងមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយថ្លែងក្នុងការពិភាក្សាអំពីប្រទេសមីយ៉ាន់ម៉ា អំឡុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ របស់វេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos ប្រទេសស្វីស លោក Parnpree បាននិយាយថា ប្រទេសថៃបាននិងកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងឯកភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា រួមជាមួយប្រទេសសមាជិកអាស៊ានដទៃទៀត ខណ:លោកក៏បានសង្កត់ធ្ងន់ លើតម្រូវការសម្រាប់គ្រប់ភាគីទាំងអស់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងការចូលរួមចរចាដើម្បីឆ្ពោះទៅរកភាពសុខដុមរមនា និងដំណោះស្រាយនយោបាយប្រកបដោយសន្តិវិធី។

​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេសថៃរូបនេះ ក៏បាននិយាយបន្ថែមទៀតថា ថៃបានផ្តល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ា តាមតម្រូវការ ដោយផ្តោតលើពលរដ្ឋមីយ៉ាន់ម៉ា ដែលបានភៀសខ្លួនចេញពីប្រទេសរបស់ពួកគេ ហើយស្នាក់នៅតាមព្រំដែនរបស់ថៃ ស្របពេលរដ្ឋាភិបាលថៃ ក៏បានពិភាក្សាជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ា ផងដែរ ដើម្បីស្វែងរកមធ្យោបាយបញ្ជូនជំនួយមនុស្សធម៌ទៅកាន់ ពលរដ្ឋមីយ៉ាន់ម៉ាដែលកំពុងត្រូវការជំនួយនៅក្នុងប្រទេសរបស់ខ្លួន។

ទន្ទឹមនឹងនេះ លោក Parnpree បាននិយាយទៀតថា រដ្ឋាភិបាលថៃក៏នឹងគាំទ្រដល់ប្រទេសឡាវ ក្នុងនាមជាប្រធានអាស៊ានប្តូរវេននៅឆ្នាំនេះផងដែរ ដើម្បីជំរុញតួនាទីរបស់ពួកគេនៅក្នុងការដឹកនាំប្លុកនេះ សម្រាប់ការលើកកម្ពស់កិច្ចសន្ទនា និងការផ្សះផ្សានានា នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងក្នុងតំបន់៕