ក្រុមហ៊ុនឧកញ៉ាម៉ុងឬទ្ធី សម្រេចធ្វើការពន្យាពេលផ្គត់ផ្គង់ចំណីសត្វនៅលើទីផ្សារក្នុងស្រុក

សង្គម​ និង​សេដ្ឋកិច្ច

ស្របពេលទីផ្សារ និងតម្លៃសត្វក្នុងស្រុកមិនទាន់បង្ហាញសញ្ញាប្រសើរឡើងវិញ ក្រុមហ៊ុនឧកញ៉ា ម៉ុង ឬទ្ធី សម្រេចធ្វើការពន្យាពេលផ្គត់ផ្គង់ចំណីសត្វរបស់ខ្លួននៅលើទីផ្សារនៅក្នុងឆ្នាំ២០២៤នេះរយៈពេល៦ខែឬយូរជាងនេះ ប្រសិនបើអ្នកចិញ្ចឹមសត្វមិនទាន់ចាប់ផ្តើមឡើងវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក លីឡាវីល នាយកចាត់ការទូទៅក្រុមហ៊ុន M’s Pig ACMC Cambodia មានប្រសាសន៍ថា « មកដល់ពេលនេះយើងសម្រេចពន្យាការផ្គត់ផ្គង់ចំណីសត្វទៅទីផ្សារខាងក្រៅសិន ដោយសារស្ថានភាពនៅលើទីផ្សារអត់ទាន់មានតម្រូវការ ព្រោះវិស័យចិញ្ចឹមសត្វក្នុងជាង១ឆ្នាំមកនេះ បានបាត់បង់អ្នកចិញ្ចឹមសត្វមានចំនួនច្រើន ហើយបើយើងចេញលក់នៅពេលវាមិនទទួលបានលទ្ធផលនោះទេ។ដូចនេះយើងនឹងពន្យាពេលផ្គត់ផ្គង់ចំណីសត្វនៅលើទីផ្សារក្នុងស្រុកសិនហើយ»។

លោកលើកឡើងថា  បើតម្លៃសត្វលក់នៅលើទីផ្សារ បើនៅបន្តធ្វើឱ្យកសិករដែលជាអ្នកចិញ្ចឹមសត្វជួបការខាតបង់ប្រាក់ថែមទៀត នោះកសិករនិងបោះបង់ការចិញ្ចឹមសត្វរៀងៗខ្លួន  ហើយរោងចក្រផលិតចំណីសត្វ តែងតែបាត់ទីផ្សារបស់ខ្លួន ដោយសារអ្នកចិញ្ចឹមសត្វបានកាត់បន្ថយការចិញ្ចឹមសត្វមានចំនួនច្រើន។

លោក លី ឡាវីល គូសបញ្ជាក់ថា «បើតាមខ្ញុំប៉ាន់ស្មាន ការពន្យាពេលផ្គត់ផ្គង់ចំណីសត្វនៅក្នុងស្រុកនេះ យ៉ាងហោចរយៈពេល៦ខែ បើទីផ្សារចាប់ផ្តើមមានអ្នកចិញ្ចឹមសត្វឡើងវិញខ្លះ។តែបើកសិករមិនទាន់មានគម្រោងចាប់ផ្តើមចិញ្ចឹមសត្វឡើងវិញនោះទេការងារនេះអាចចំាដល់ឆ្នាំក្រោយ»។

ទាក់ទងនិងការបង្កើតរោងចក្រផលិតចំណីសត្វ បើតាមព័ត៌មានបញ្ជាក់ថានៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១  ឧកញ៉ា ម៉ុង ឫទ្ធី ប្រធានគណ:កម្មការទី៣ ព្រឹទ្ធសភា និងលោកជំទាវរួមជាមួយនិងថ្នាក់ដឹកនាំបុគ្គលិក កម្មករក្រោមឱវាទក្រុមហ៊ុន M’s Pig ACMC Cambodia ដែលជាបុត្រសម្ព័នរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានប្រារព្វធ្វើពិធីបញ្ចុះបឋមសីលាសាងសង់រោងចក្រផលិតចំណីសត្វ ថ្មីដែលមានកម្លាំងផលិត៣០តោនក្នុងមួយម៉ោង បើគិតជាមធ្យម១៨.០០០តោនក្នុងមួយខែ។

ការបង្កើតរោងចក្រនេះឡើងមានន័យថា ឧកញ៉ា ម៉ុង ឬទ្ធី  បានបង្កើតទីផ្សារឱ្យកសិករដឹកកសិផលមកលក់ដោយសេរីមិនចាំបាច់ដឹកឆ្លងដែនយកទៅលក់នៅឯបរទេសក្នុងចំនួនទឹកប្រាក់៤២លានដុល្លារ ជារៀងរាល់ឆ្នាំបន្ថែមលើរោងចក្រផលិតចំណីសត្វដែលកំពង់តែដំណើរការបច្ចុប្បន្ន បានប្រមូលទិញកសិផលពីប្រជាកសិករអស់រយៈពេល៤ឆ្នាំកន្លងមក ក្នុងទឹកប្រាក់ជាមធ្យម២១លានដុល្លារជារៀងរាល់ឆ្នាំ។ នៅពេលរោងចក្រផលិតចំណីសត្វថ្មីនេះសាងសង់រួចរាល់នៅដើមឆ្នាំ២០២៣ កសិករនឹងមានទីផ្សារលក់កសិផលសរុបទឹកប្រាក់ចំនួនលើសពី៦៣លានដុល្លារជារៀងរាល់ឆ្នាំ៕តាកែវ