មកដល់កម្ពុជាចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានតែមួយយប់ប៉ុណ្ណោះ បន្ទាប់ពីវិលត្រឡប់បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង និងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស រយៈពេលមួយសប្តាហ៍ អមដំណើរសម្ដេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃអាទិត្យស្អែកនេះ ឧបនាយករដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល បន្តបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី។
លើបណ្តាញសង្គមផ្លូវការ លោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា លោកនឹងបំពេញទស្សនកិច្ចទាក់ទាញវិនិយោគិនជាបន្ត នៅប្រទេសម៉ាឡេស៊ី ពីថ្ងៃទី២១-២៣ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីអមដំណើរសម្ដេចធិបតីបំពេញទស្សនកិច្ចផ្លូវការអឺរ៉ុប។
សូមជម្រាបថា ប្រទេសម៉ាឡេស៊ីឈរនៅលំដាប់ថ្នាក់ទី៦ ក្នុងចំណោមប្រទេសដែលបានបោះទុនវិនិយោគច្រើនជាងគេនៅកម្ពុជា។នៅត្រឹមរយៈពេល ៧ខែឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មភាគីទាំងពីរមានចំនួន៣៧៧លានដុល្លារ ខណៈទំហំពាណិជ្ជកម្មបានកើនឡើងពី៥០០លានដុល្លារ នៅឆ្នាំ២០២១ ដល់៦២០លានដុល្លារ នៅឆ្នាំ២០២២។ ចំណែកភ្ញៀវទេសចរម៉ាឡេស៊ីដែលមកទស្សនានៅកម្ពុជាវិញ ក៏បានកើនឡើងជាលំដាប់ផងដែរ។
បើតាមរបាយការណ៍ក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ បច្ចុប្បន្នប្រជាពលរដ្ឋនិងនិស្សិតខ្មែរ មានជាង២.២ម៉ឺននាក់ កំពុងបំពេញការងារ និងសិក្សានៅម៉ាឡេស៊ី ដើម្បីកសាងសមត្ថភាព និងស្វែងរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ៕