ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងលោក មាស សុភា ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើឧបនាយករដ្ឋមន្រ្តី តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០១២៤/០៨៤ ចុះនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ។
នៅក្នុងព្រះរាជក្រឹត្យ ព្រះមហាក្សត្រ ទ្រង់យល់លោក មាស សុភា បានចូលរួមជួយដឹកនាំប្រជាជាតិតាមរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ សម្រាប់ជាឧត្តមប្រយោជន៍ដល់សង្គមជាតិ ទទួលបាននូវសន្តិភាព ស្ថិរភាព ឯកភាពជាតិ ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ការពារលទ្ធិប្រជាធិបតេយ្យ ការពារជាតិ មានសន្តិសុខសង្គមល្អប្រសើរ ព្រមទាំងរក្សាបាននូវឯករាជ្យជាតិ និងបូរណភាពទឹកដីក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ។
ជាមួយគ្នានោះ ព្រះមហាក្សត្រ ទ្រង់យល់ លោក មាស សុភា មានស្វាមីភក្តិចំពោះរាជបល្ល័ង្ក ការពារ គោរពព្រះពុទ្ធសាសនា និងចូលរួមការពារនិរន្តរភាពរាជានិយមនៃកម្ពុជា។
លោក មាស សុភា ជាអតីតនាយឧត្តមសេនីយ៍ មេបញ្ជាការកងទ័ពជើងគោក, អតីតទេសរដ្ឋមន្រ្តីទទួលបេសកកម្មពិសេស។ បច្ចុប្បន្នលោកជាសមាជិកគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តព្រះវិហារ។
លោក មាស សុភា ត្រូវជាឪពុកបង្កើតលោកស្រីអ្នកឧកញ៉ា មាស សុភារី នឹងត្រូវជាឪពុកក្មេកអ្នកឧកញ៉ា ទៀ ណារ៉ាវុទ្ធ (ចាង យុនហ្វេង) អគ្គនាយកក្រុមហ៊ុន Golden Fortune Securities Plc និងក្រុមហ៊ុន Golden Fortune Derivatives Exchange Co.,Ltd ដែលជាស្វាមីលោកស្រី មាស សុភារី៕