ឧកញ៉ា ឆាយ ស៊ីវលីន៖ ដោយសារកត្តាសុខសន្ដិភាព ទើបធ្វើឱ្យយើងបង្កើននូវសេវាកម្មទេសចរណ៍ជាច្រើន

ជុំវិញ​ឧកញ៉ា

លោកស្រីឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានលើកឡើងថា កត្តាសុខសន្ដិភាព ទើបធ្វើឱ្យយើងអាចបង្កើននូវសេវាកម្មទេសចរណ៍ជាច្រើននៅក្នុងប្រទេសកម្ពុជា ហើយមិនមានសុខសន្ដិភាពទេ ទេសចរក៏មិនមានភាពជឿជាក់ក្នុងការមកដើរកម្សាន្តដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ឧកញ៉ា ឆាយ ស៊ីវលីន

នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រវគ្គបណ្ដុះបណ្ដាលជំនាញទេសចរណ៍ ដល់សិក្ខាកាមចំនួន៩០នាក់ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ លោកស្រីឧកញ៉ា ឆាយ ស៊ីវលីន មានប្រសាសន៍ថា ដោយសារកត្តាសុខសន្តិភាព ទើបធ្វើឱ្យយើងបង្កើននូវសេវាកម្មទេសចរណ៍ជាច្រើន។ បើយើងមិនមានសុខសន្តិភាពទេ ទេសចរក៏មិនមានភាពជឿជាក់ក្នុងការមកទស្សនា និងមកកម្សាន្តនោះដែរ។

លោកស្រីបានគូសបញ្ជាក់ថា សម្រាប់ទេសចរ ប្រាកដជាជ្រើសរើសតំបន់ដែលមានសុវត្ថិភាពបំផុត ហើយបច្ចុប្បន្ននេះ យើងអាចនាំភ្ញៀវចូលទៅព្រៃជ្រៅៗ ដើម្បីទស្សនានូវទេសភាព និងសម្បត្តិធម្មជាតិដ៏សំបូរបែបរបស់កម្ពុជា នេះបញ្ជាក់ឱ្យឃើញពីសុខសន្តិភាពរបស់កម្ពុជាទាំងមូលផងដែរ។

ទន្ទឹមនឹងនោះដែរ លោកស្រីក៏បានណែនាំអ្នកជំនាញខាងទេសចរណ៍ទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវអាកប្បកិរិយា សុភាពរាបសារ និងរួសរាយរាក់ទាក់ មិនត្រូវមានការរើសអើងជាតិសាសន៍ ពណ៌សម្បុរ ឬក៏ប្រទេសណាមួយឡើយ។ លោកស្រីថ្លែងថា យើងមានធនធានល្អៗច្រើនណាស់ ដូចជាប្រាសាទអង្គរវត្ត ក៏ប៉ុន្តែប្រសិនបើយើងមានអ្នកបម្រើសេវាកម្មទេសចរណ៍មិនមានគុណភាព ដូច្នេះ ទេសចរគេស្រឡាញ់អង្គវត្ត ប៉ុន្តែគេមិនស្រឡាញ់អ្នកបម្រើក្នុងវិស័យទេសចរណ៍នោះទេ។

របាយការណ៍ក្រសួងទេសចរណ៍ បានឱ្យដឹងថា ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន ៥,៤៥៣,២៣១នាក់ កើនឡើង ១៣៩.៥ភាគរយ បើធៀបនឹងឆ្នាំ២០២២​។ ចំនួនភ្ញៀវទេសចរបរទេសជាង៥លាន៤សែននាក់នោះ គឺចូលមកតាមជើងហោះហើរចំនួន ១,៨៦៦,២៣១នាក់ មកតាមផ្លូវគោកចំនួន ៣,៥២០,៧៣០នាក់ និងមកតាមផ្លូវទឹកចំនួន ៦៦,២៧០នាក់។

របាយការណ៍ដដែលឱ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរបរទេសដែលចូលមកទស្សនាកម្ពុជា ៥,៤៥៣,២៣១នាក់នេះដែរ គឺបានចាកចេញពីកម្ពុជាវិញចំនួន ៥,២៥៤,៦១៩នាក់។ ក្នុងឆ្នាំ២០២៣ដូចគ្នានេះ ប្រជាពលរដ្ឋកម្ពុជាក៏បានចេញទៅក្រៅប្រទេសចំនួន ១,៨១៩,៥០៤នាក់ផងដែរ ក្នុងអត្រាកំណើន ១៥២.៣ភាគរយ។

ស្ថិតិនេះបានបង្ហាញថា កម្ពុជាបានស្ដារវិវិស័យទេសចរណ៍ឡើងវិញបានជាង៨០ភាគរយនៃឆ្នាំ២០១៩ហើយ ខណៈក្រសួងទេសចរណ៍ក៏បានខិតខំក្នុងស្ដារនិងលើកស្ទួយវិស័យទេសចរណ៍យ៉ាងសកម្មផងដែរ៕

អត្ថបទ៖ សុកធា