បន្ទាប់ពីបានបរិច្ចាគថវិការ រហូតទៅដល់ ៦០ម៉ឺនដុល្លារ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន ដើម្បីជួយបងប្អូនប្រជាពលរដ្ឋជួបគ្រោះដោយជំនន់ទឹកភ្លៀង នៅព្រឹកនេះ អតីតពលករខ្មែរធ្វើការនៅប្រទេសកូរ៉េ លោក ឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានដឹកនាំតារាចម្រៀងក្នុងផលិតកម្ម របស់លោកចុះចែកអំណោយដោយផ្ទាល់តែម្ដងនៅ នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
អំណោយដែលក្រុមគ្រួសារ Galaxy Navatra នាំអំណោយទៅចែកជូនបងប្អូនប្រជាពលរដ្ឋជួបគ្រោះជំនន់ទឹកភ្លៀង មាន អង្ករ៥០តោន និងគ្រឿងបរិភោគផ្សេងៗជាច្រើនទៀត។ កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ លោក ខេម នឹង កញ្ញា តន់ ច័ន្ទសីម៉ា ក៏គេឃើញមានវត្តមានក្នុងពិធីនោះផងដែរ៕
សកម្មភាពនេះបញ្ជាក់ឲ្យឃើញថា គឺជាទឹកចិត្តជួយសង្គមពិតរបស់អតីតពលករខ្មែរធ្វើការនៅប្រទេសកូរ៉េរូបនេះ ចំពោះបងប្អូនប្រជាពលរដ្ឋជួបគ្រោះជំនន់ទឹកភ្លៀង ពិសេសនោះ គឺជាការចូលរួមចំណែកជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋជាមួយរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ផងដែរថា ក្នុងតួលេខបង្ហាញដោយសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗនេះ សប្បុរសជនដែលបានចូលរួមជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀងដែលកំពុងកើតមាននៅក្នុងប្រទេស គិតត្រឹមម៉ោង 11:34 នាទីថ្ងៃត្រង់ ថ្ងៃទី១៩ តុលា ២០២០ នេះថវិកាទទួលបាន 6,867,524 ដុល្លារ , 396,525,000 រៀល និង ៥.០០០€ (ប្រាំពាន់អឺរ៉ូ)។ ក្នុងចំណោម ឧកញ៉ាល្បីៗដែលជាម្ចាស់ក្រុមហ៊ុនជាច្រើនរូបបានចូលរួមបរិច្ចាគថវិកា គេឃើញលោកឧកញ៉ា ឡេង ណាវ៉ាត្រា នាយកក្រុមហ៊ុន ឡេងណាវ៉ាត្រា គ្រុប បានចូលរួមបរិច្ចាគថវិកាជូន ៦០ម៉ឺនដុល្លារ ជាចំនួនដែលច្រើនជាងគេ ខណៈដែលអ្នកដែលឈរលេខរៀងទី២ គឺឧកញ៉ា ហុង ពីវ នឹង ឧកញ៉ា ចេញ ស៊ី បានចូលចំនួន៥០ម៉ឺនដុល្លារ៕
ប្រភពរូបភាព៖ Vann Saray