នៅអំឡុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោកស្រី Choe Son Hui នៅប្រទេសរុស្ស៊ីកាលពីសប្តាហ៍មុន ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបង្ហាញពីឆន្ទៈយ៉ាងមុតមាំរបស់ខ្លួន ក្នុងការធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើងនាពេលឆាប់ៗខាងមុខ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍កាលពីថ្ងៃទី២១ ខែមករាថា លោកពូទីន បានថ្លែងអំណរគុណចំពោះការអញ្ជើញរបស់មេដឹកនាំកូរ៉េខាងជើងមកកាន់លោក ខណៈដំណើរទស្សនកិច្ចនេះអាចនិយាយបានថា ជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំរុស្ស៊ីទៅកាន់ប្រទេសកូរ៉េខាងជើង ក្នុងរយៈពេលជាងពីរទស្សវត្សមកនេះ។
ជាមួយគ្នានោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ីសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ប្រទេសកូរ៉េខាងជើង តបតាមការអញ្ជើញរបស់លោកគីមនោះ នឹងប្រព្រឹត្តទៅនៅពេលឆាប់ៗខាងមុខ ក៏ប៉ុន្តែលោកបាននិយាយថា មិនទាន់មានការឯកភាពគ្នាពាក់ព័ន្ធនឹងថ្ងៃបរិច្ឆេទនៅឡើយទេ។
សូមជម្រាបផងថា បន្ទាប់ពីឡើងកាន់តំណែងបន្តពីលោក Boris Yeltsin កាលពីក្នុងឆ្នាំ១៩៩៩ លោក ពូទីន ក៏ធ្លាប់បានធ្វើដំណើរទស្សនកិច្ចម្តងដែរទៅកាន់ទីក្រុងព្យុងយ៉ាងកាលក្នុងឆ្នាំ២០០០ ដោយកាលនោះប្រធានាធិបតីរុស្ស៊ីបានជួបជាមួយលោក គីម ជុងអ៊ីល ដែលជាឪពុករបស់លោក គីម ជុងអ៊ុន ។
ដូចគ្នានេះដែរ លោក គីម ជុងអ៊ុន ក៏ធ្លាប់បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីម្តងហើយផងដែរកាលពីខែកញ្ញា ឆ្នាំមុន ខណៈជំនួបនោះវាបាននាំមកនូវផ្លែផ្កាយ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរ៕