លោក ដូណាល់ ត្រាំ កាន់តែមានសង្ឃឹម ក្រោយគូប្រជែងតំណែងប្រធានាធិតីដ៏ធំម្នាក់ប្រកាសដកខ្លួនចេញ

អន្តរជាតិ

អភិបាលរដ្ឋ Florida លោក Ron DeSantis ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា បានសម្រេចចិត្តដកខ្លួនចេញពីការប្រជែងតំណែងជាអ្នកតំណាងបក្ស ហើយបានងាកមកគាំទ្រលោក ដូណាល់ ត្រាំ វិញ សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិតី នៅឆ្នាំ២០២៤ នេះ។​ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



ការប្រកាសរបស់លោក ​DeSantis ជុំវិញការដកខ្លួនចេញពីការប្រកួតប្រជែងនេះ បានកើតឡើងនៅមុន​ការ​បោះឆ្នោត​បឋម​របស់​គណបក្ស​សាធារណរដ្ឋ​ ដែលនឹងត្រូវធ្វើឡើងនៅ​ក្នុងរដ្ឋ New Hampshire ​។

គួរឲ្យដឹងថា លោក DeSantis ធ្លាប់ត្រូវបានគេចាត់ទុកថាជាគូប្រជែងដ៏ធំបំផុតមួយ សម្រាប់តំណែងជាអ្នកតំណាងរបស់គណបក្ស នៅក្នុងការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ប៉ុន្តែកាលពីថ្ងៃអាទិត្យ ទី២១ ខែមករាកន្លងទៅ លោកបាននិយាយថាលោកហាក់មិនមានសង្ឃឹម ក្នុងការទទួលជ័យជម្នះនេះបានឡើយ។

យ៉ាងណាមិញជុំវិញការប្រកាសដកខ្លួននេះ មានន័យថាបច្ចុប្បន្ន នៅសល់តែលោកស្រី Nikki Haley តែម្នាក់គត់ ដែលជាគូប្រជែងធំបំផុតរបស់លោក ត្រាំ ដើម្បីបន្តប្រយុទ្ធជាមួយប្រធានាធិបតីអាមេរិកបច្ចុប្បន្ន គឺលោក ចូ បៃដិន ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅក្នុងខែវិច្ឆិកាខាងមុខ។

ជម្រាបជូនផងដែរថា លោកស្រី Haley នឹងត្រូវតទល់ជាមួយលោក ត្រាំ សម្រាប់ការបោះឆ្នោតបឋម ក្នុងរដ្ឋ New Hampshire ដែលគ្រោងធ្វើឡើងនៅថ្ងៃអង្គារ និងជាការប្រកួតប្រជែងលើកទី២ ផងដែរ សម្រាប់ការបោះឆ្នោតបឋមតាមរដ្ឋជាបន្តបន្ទាប់ ដើម្បីជ្រើសរើសបេក្ខជនមកពីគណបក្សសាធារណរដ្ឋ សម្រាប់ធ្វើជាបេក្ខភាពតំណាងបក្សក្នុងការបោះឆ្នោតជាសកល នៅចុងឆ្នាំនេះ៕