អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំអ៊ិចប្រេស បានជូនកាដូបាច់ផ្កាភ្ជាប់ជាមួយក្រដាសប្រាក់ ១០០ដុល្លារជាច្រើនសន្លឹកចំនួនមួយបាច់ធំ ដល់ភរិយារបស់លោកគឺ លោកជំទាវ ប៊ុន ចន្ធូ ក្នុងឱកាសថ្ងៃខួបកំណើត កាលពីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤។
ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងសេវាកម្មបញ្ញើរឆាប់រហ័សឈានមុខគេមួយនៅកម្ពុជារូបនេះ បានបង្ហោះរូបភាពលើទំព័រហ្វេសប៊ុក មានកាន់បាច់ផ្កាក្រដាស១០០ដុល្លារ នៅមុខនំខេកជាច្រើន ព្រមទាំងការផ្តល់ស្នាមថើមដ៏ផ្អែមល្ហែមជូនដល់ភរិយាជាមួយនឹងសារខ្លីមួយ នៅព្រលប់ថ្ងៃទី២២ ខែមករានេះ យ៉ាងដូច្នេះថា៖ “ខ្ញុំខ្សឹបប្រាប់គាត់ថា ពេលខួបបង មេត្តាឱ្យកាដូបងដូចចឹងវិញផង ព្រោះតាមមើលទៅម្តងគេម្តងគេរហូត”។
គួររំឭកថា កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសខួបអនុស្សាវរីយ៍ ១៩ឆ្នាំ អ្នកឧកញ៉ា សួរ វីរៈ ក៏បានបង្ហាញភាពផ្អែមល្ហែមជាមួយភរិយាផងដែរ។ ក្នុងឱកាសនោះ អ្នកឧកញ៉ាបានបង្ហោះសារលើទំព័រហ្វេសប៊ុកថា៖ ” អរគុណឧត្តមភរិយាដែលតែងតែដើរតួជា ប្រពន្ធ ជាម្តាយ ជាកូនប្រសារដ៏សែនល្អមើលថែគ្រួសារដ៏តូចមួយនេះ។ អរគុណដែលតែងតែនៅក្បែរ មើលថែ គាំទ្ររាល់ការសម្រេចចិត្ត គ្រប់កាល:ទេស:មិនថាមានឧបសគ្គអ្វីក៏ដោយ។ អរគុណដែលព្រមទទួលយកវិថីជីវិត ដែលផ្តើមចេញពីលុយ ១ពាន់ដុល្លារ ទាំងមិនដឹងថាមានរឿងអ្វីកើតឡើងថ្ងៃមុខ”។
អ្នកឧកញ៉ា បានបន្ថែមថា មកដល់ថ្ងៃនេះ លោកក៏នៅតែអរគុណដល់ភរិយាដែលនៅតែយល់ព្រមគាំទ្រឱ្យលោកបន្តអាជីវកម្មក្នុងភាពជាថ្នាក់ដឹកនាំប្រកបដោយការទទួលខុសត្រូវខ្ពស់ និងបានចូលរួមជាថ្នាក់ដឹកនាំគ្រប់អាជីវកម្មទាំងអស់។
សូមជម្រាបជូនថា តាំងពីការចាប់ផ្តើមជីវិតគូជាមួយលោកជំទាវ ប៊ុន ចន្ធូ ដែលតែងតែគាំទ្រនិងជួយផ្តល់កម្លាំងចិត្តដល់ស្វាមី បានធ្វើឱ្យអ្នកឧកញ៉ា សួរ វីរៈ ទទួលបានភាពរីកចម្រើនជាបន្តបន្ទាប់ក្នុងការប្រកបមុខជំនួញនានា។ មកដល់បច្ចុប្បន្ន ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស របស់អ្នកឧកញ៉ា សួរ វីរៈ បានពង្រីកសាខា ច្រើនជាង ៨៥០សាខា នៅទូទាំងប្រទេសកម្ពុជា ព្រមទាំងមានទាំងសាខានៅប្រទេសថៃ និងវៀតណាម។ បន្ថែមពីនេះ អ្នកឧកញ៉ា សួរ វីរៈ ក៏ជាម្ចាស់រីសត ជាច្រើនកន្លែង នៅបណ្តាខេត្តមួយចំនួនទៀតផងដែរ៕