ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ អ្នកឧកញ៉ា ឧកញ៉ា ចូលក្រាបថ្វាយបង្គំគាល់ព្រះមហាក្សត្រ ក្នុងគោលបំណងសំខាន់ៗចំនួន៥

ជុំវិញ​ឧកញ៉ា

ក្នុង​ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងជាលើកដំបូងបំផុត​សម្រាប់សមាគមឧកញ៉ាកម្ពុជា ដែលថ្នាក់ដឹកនាំរួមទាំងសមាជិក សមាជិកា​​មានគោរមងារជា អ្នកឧកញ៉ា និង​ឧកញ៉ា រហូតដល់ទៅ ២០០រូប ​បាន​ចូលគ្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅព្រះបរមរាជវាំង កាលពី​ព្រឹក​ថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៤ គឺ​ស្ថិត​ក្នុង​គោលបំណង​សំខាន់ៗ​ចំនួន ៥។ នេះ​បើ​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​​ពី​សមាគម​ឧកញ៉ា​កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈទំព័រហ្វេសប៊ុក សមាគមឧកញ៉ា​កម្ពុជា ​បាន​បង្ហោះ​រូបថតអនុស្សាវរីយ៍របស់អ្នកឧកញ៉ា និងឧកញ៉ា​ ក្នុងឯក​សណ្ឋាន​ផ្លូវការនៅបវរិវេណ​ខាងមុខព្រះទីន័ងទេវាវិនិច្ឆ័យនៃព្រះបរមរាជវាំងចតុម្មុខដ៏ពិសិដ្ឋរបស់ប្រជាជាតិខ្មែរ ​​នៅ​ព្រឹក​ថ្ងៃទី២៣ ខែមករា​នេះ ​​​ព្រម​ទាំង​បាន​បញ្ជាក់​ថា ការ​ទទួលបាននូវព្រះបរមរាជានុញ្ញាត និងមហាកិត្តិយសចូលក្រាបថ្វាយ​បង្គំគាល់ក្នុងគ្រាតែមួយជាមួយគ្នាបែបនេះ គឺ​ក្នុងគោលបំណងសំខាន់ៗដូចជា៖ ១)ថ្វាយព្រះពរព្រះអង្គទាំងទ្វេ​ក្នុងវរោ​កាស​ឆ្នាំថ្មី ២)ថ្វាយអំណរព្រះរាជគុណព្រះករុណាថ្លៃវិសេស​ដែលបានប្រោសព្រះរាជទានគោរមងារជាអ្នកឧកញ៉ា និង​ឧកញ៉ា នាពេលកន្លងមក ៣)ថ្វាយអំណរព្រះរាជគុណព្រះករុណាជាអម្ចាស់ជីវិត​លើត្បូងដែលបានសព្វព្រះរាជហឬទ័យ​ត្រាស់បង្គាប់ឱ្យប្រើព្រះរាជក្រឹត្យស្តីពី «គោរមងារឧកញ៉ា» នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣កន្លងមក ៤)ក្រាបបង្គំទូល​ថ្វាយ​របាយការណ៍​នៃវឌ្ឍនភាពរបស់សមាគមឧកញ៉ាកម្ពុជា ៥)ថ្វាយព្រះរាជតង្វាយរួមមានថវិកា និងអង្ករថ្វាយដើម្បី​ចូលរួមដង្ហែក្នុងព្រះរាជសកម្មភាពសប្បុរសធម៌ដ៏ឧត្តុង្គឧត្តមប្រកបដោយទសពិធរាជធម៌របស់ ព្រះអង្គទាំងទ្វេ។

គួររំឭក​ថា អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំថ្នាក់នាំក្រុមប្រឹក្សាភិបាល សមាជិក សមាជិកា ដែលមានគោរមងារអ្នកឧកញ៉ា ឧកញ៉ា ចំនួន ២០០រូប (ស្ត្រីចំនួន ៤០រូប) ពាក់ឯកសណ្ឋានថ្មី ចូលគ្រាប​បង្គំគាល់ព្រះករុណា ព្រះបាទសម្តេច​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច​ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅព្រះបរមរាជវាំង នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៤។

ក្នុងវរោកាសដ៏ប្រពៃថ្លៃថ្លានោះ ព្រះករុណាព្រះមហាក្សត្រ មានព្រះរាជបន្ទូលកោតសរសើរ​ចំពោះកិច្ចខិតខំប្រឹងប្រែង​របស់អ្នកឧកញ៉ា លី យ៉ុងផាត់ ក្នុងការដឹកនាំសមាគមឧកញ៉ាកម្ពុជា ទទួលបាននូវភាពជោគជ័យជាច្រើន នាពេលកន្លងមក ក៏ដូចជាការរួបរួមសាមគ្គីរបស់អ្នកឧកញ៉ា និងឧកញ៉ា ទាំងអស់ដែលជាសមាជិកសមាគម​ក្នុងការរួមចំណែកជំរុញកំណើន​សេដ្ឋកិច្ច និងបង្កើតការងារជាច្រើនម៊ឺនកន្លែង ដល់ប្រជាជនកម្ពុជាតាមរយៈការវិនិយោគ និងសកម្មភាពជំនួញនានា ស្រប​ទៅតាមគោលនយោបាយ​របស់រាជរដ្ឋាភិបាលកម្ពុជា៕