ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាមេរិក Apple Inc បានបង់ប្រាក់ពិន័យប្រមាណ ១,២ពាន់លានរូបល ឬប្រហែល ១៣,៦លានដុល្លារ ទៅកាន់រដ្ឋាភិបាលរុស្ស៊ី បន្ទាប់ពីរងការចោទប្រកាន់ថា មានការប្រកួតប្រជែងទីផ្សារមិនប្រក្រតី។ នេះបើតាមការបញ្ជាក់ពីទីភ្នាក់ងារប្រឆាំងការទុកចិត្តរបស់រុស្ស៊ី FAS។
ជាមួយគ្នា សារព័ត៌មាន Reuters ក៏បានរាយការណ៍ដែរថា ទឹកប្រាក់ពិន័យជាង ១៣លានដុល្លារ ដែលក្រុមហ៊ុនអាមេរិកបានបង់ជូនកាលពីថ្ងៃទី១៩ ខែមករា គឺត្រូវបានផ្ទេរចូលទៅកញ្ចប់ទឹកប្រាក់ទុនបម្រុងជាតិ របស់រដ្ឋាភិបាលរុស្ស៊ី។
សូមជម្រាបដែរថា រដ្ឋាភិបាលរុស្ស៊ី បានដាក់វិធានការយ៉ាងតឹងរ៉ឹង ចំពោះក្រុមហ៊ុនបច្ចេកវិទ្យាបរទេស សម្រាប់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ជាពិសេសលើក្រុមហ៊ុនលោកខាងលិច តាំងពីពួកគេបើកការវាយលុកចូលប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២៕