នៅពេញមួយឆ្នាំ២០២៣ កម្ពុជារកចំណូលបាន ពីការនាំចេញគ្រឿងអលង្ការ និងត្បូងមានតម្លៃ ទៅកាន់ទីផ្សារអន្ដរជាតិ ជាង៨៥១លានដុល្លារ កើន២៦១% បើធៀបនឹងឆ្នាំ២០២២។ នេះបើតាមការឱ្យដឹងពីលោកស្រី តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។
ក្នុងសន្និសីទសារព័ត៌មាន លើកទី២ ស្ដីពីពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា អន្ដរជាតិ លើកទី១៥ ឆ្នាំ២០២៤ នៅសាលប្រជុំអគារ Morgan Tower នៅកោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ លោកស្រី តាន់ ទេពីកណ្ណិកា បានឱ្យដឹងថា ទំហំពាណិជ្ជកម្ម នៃការនាំចេញ គ្រឿងអលង្ការ និងត្បូងមានតម្លៃ របស់កម្ពុជា ទៅទីផ្សារអន្ដរជាតិ មានការកើនឡើងជាលំដាប់ រហូតដល់បរិមាណជាង៨៥១លានដុល្លារ ក្នុងឆ្នាំ២០២៣ ដែលមានការកើនឡើងប្រហែល២៦១% បើធៀបនឹងឆ្នាំ២០២២។
លោកស្រីបញ្ជាក់ថា សន្ទុះនៃកំណើនជាវិជ្ជមាន នៃការនាំចេញនេះ សរបញ្ជាក់ឱ្យឃើញអំពីភាពជោគជ័យ នៃកិច្ចសហប្រតិបត្ដិការដ៏ជិតស្និទ្ធ រឹងមាំ និងគ្រប់ជ្រុងជ្រោយ រវាងក្រសួងពាណិជ្ជកម្ម ក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន ក៏ដូចជាសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជាផងដែរ។
សូមជម្រាបជូនថា ចំពោះការនាំចេញគ្រឿងអលង្ការ និងត្បូងមានតម្លៃរបស់កម្ពុជា ទៅទីផ្សារអន្តរជាតិ មានការកើនឡើងជាលំដាប់ដោយនៅឆ្នាំ២០២១ កម្ពុជានាំចេញ ១៤៩លានដុល្លារ, នៅឆ្នាំ២០២២ កម្ពុជានាំចេញ ២៦១លានដុល្លារ កើនឡើង ៧៥% និងឆ្នាំ២០២៣ កម្ពុជានាំចេញ ៨៥១លានដុល្លារ កើនឡើង ២៦១%៕
អត្ថបទ៖ សុកធា