ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ច (Amro) បានព្យាករណ៍ថា សេដ្ឋកិច្ចនៃប្រទេសវៀតណាមនឹងកើនឡើង៦% នៅឆ្នាំ២០២៤នេះ ដែលជាការស្ទុះងើបឡើងវិញពីការធ្លាក់ចុះកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star ។
សេដ្ឋកិច្ចវៀតណាមបានជួបប្រទះជាមួយបញ្ហាប្រឈមសំខាន់ៗជាច្រើនកាលពីឆ្នាំ២០២៣ ដោយសារតែការធ្លាក់ចុះនៃការនាំចេញ តែយ៉ាងណាវាបានស្ទុះងើបឡើងវិញលើសពីការរំពឹងទុកនៅឆមាសទីពីរ ជាមួយនឹងអត្រាកំណើន៥,១% ។
ក្នុងនោះ ប្រធានសេដ្ឋវិទូរបស់ Amro លោក Hoe Ee Khor បានលើកឡើងថា ការផ្តោតជាសំខាន់លើការនាំចេញផលិតកម្ម អាចធ្វើឲ្យប្រទេសវៀតណាមងាយរងគ្រោះទៅនឹងការប៉ះទង្គិចពីទីផ្សារខាងក្រៅ ដូចអ្វីដែលពួកយើងបានឃើញកាលពីឆ្នាំមុន ជាមួយនឹងការធ្លាក់ចុះគ្រឿងអេឡិចត្រូនិច និងការផលិតទំនិញ។
ដើម្បីកាត់បន្ថយពីការធ្លាក់ចុះនេះ លោកក៏បានផ្តល់អនុសាសន៍ឲ្យវៀតណាមធ្វើពិពិធកម្មទីផ្សារនៃការនាំចេញរបស់ខ្លួន ក៏ដូចជាផ្លាស់ប្តូរខ្សែសង្វាក់តម្លៃ ដោយចូលរួមក្នុងការនាំចេញផលិតកម្មដែលមានតម្លៃខ្ពស់ ខណៈយុទ្ធសាស្ត្រនេះហើយ នឹងជួយធានាបាននូវភាពរឹងមាំ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
ជាមួយគ្នានោះ ការវិនិយោគផ្ទាល់ពីបរទេស (FDI) ត្រូវបានគេរំពឹងថា នឹងនៅតែជាកត្តាជំរុញសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេស ស្របពេលដែលលំហូរវិនិយោគបរទេសចូលក្នុងប្រទេសវៀតណាមក្នុងឆ្នាំ២០២៣ មានការកើនឡើងយ៉ាងខ្លាំងដល់ចំនួន៣២% ឬស្មើរនឹងជិត ៣៦,៦២ពាន់លានដុល្លារ។
គួរជម្រាបថា កំណើនសេដ្ឋកិច្ចដែលព្យាករណ៍ដោយ Amro បានបង្ហាញថា វៀតណាមជាប្រទេសជាប់ចំណាត់ថ្នាក់លេខបីដោយមានកំណើន៦% នៅឆ្នាំ២០២៤នេះ តាមពីក្រោយប្រទេសហ្វីលីពីនដែលមាន៦,៣% និងប្រទេសកម្ពុជាមាន៦,២% ៕