យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌាបានបង្ហាញថា នៅក្នុងរយៈពេល ១១ខែដំបូងនៃឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងរុស្ស៊ី និងឥណ្ឌាបានកើនឡើង ១,៩ដងពីមួយឆ្នាំទៅមួយឆ្នាំ ដោយឈានដល់កម្រិតខ្ពស់បំផុតចំនួន ៥៩,៧ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Xinhua ។
ក្នុងនោះ ការនាំចេញរបស់ឥណ្ឌាទៅកាន់ប្រទេសរុស្ស៊ីបានកើនឡើងច្រើនជាង ១,៤ដងដល់ចំនួន ៣,៧ពាន់លានដុល្លារ ដែលការនាំចេញនោះភាគច្រើនជាផលិតផលថ្នាំពេទ្យ និងផលិតផលដែកជាដើម។
ជាមួយគ្នានោះ ការនាំចេញរបស់រុស្ស៊ីទៅកាន់ប្រទេសឥណ្ឌាវិញ បានកើនឡើង ១,៩ដងដល់ចំនួន ៥៦ពាន់លានដុល្លារ ដែលភាគច្រើនជាផលិតផលប្រេង និងឥន្ធនៈជាដើម។
គួរជម្រាបថា ថ្វីត្បិតតែទំហំពាណិជ្ជកម្មរវាងឥណ្ឌា និងរុស្ស៊ីកើនឡើង ១,៩ដងក៏ពិតមែន តែដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ឥណ្ឌានោះ គឺនៅតែជាសហរដ្ឋអាមេរិក ក៏ប៉ុន្តែនៅរយៈពេល ១១ខែដូចគ្នានេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានធ្លាក់ចុះ៨% មកនៅត្រឹម ១០៩,៨ពាន់លានដុល្លារ៕