មុខងារសំខាន់១ក្នុងចំណោមទាំង៥ សារព័ត៌មានជាឆ្មាំត្រួតពិនិត្យតុល្យភាពសង្គមដ៏ស្មោះត្រង់

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សារព័ត៌មាន គឺជាអំណាចទី៤ និងជាស្ពានភ្ជាប់ដំណឹងទៅមករវាងរាជរដ្ឋាភិបាលជាមួយនឹងប្រជាជន។ ចាប់តាំងពីមុនរហូតបច្ចុប្បន្នរាជរដ្ឋាភិបាលនៅតែបានចាត់ទុកវិស័យព័ត៌មានជាចំណុចអាទិភាពមួយដ៏សំខាន់ និងមិនអាចខ្វះបាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសអញ្ជើញ បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងព័ត៌មាន កាលពីថ្ងៃអង្គារម្សិលមិញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី មានប្រសាសន៍ថា វិស័យព័ត៌មាន គឺជាកាតាលីករយ៉ាងសំខាន់ ក្នុងការបង្កើតខ្លឹមសារ និងជាអ្នកចែកចាយ និងផ្សព្វផ្សាយព័ត៌មានអំពីសង្គមជាតិ និងការបង្ហាញអំពីតថភាពសង្គម និងការអភិវឌ្ឍ។

ពាក់ព័ន្ធនឹងដំណើរការកសាង និងអភិវឌ្ឍប្រទេសកន្លងមក សម្តេចធិបតីបានធ្វើការគូសបញ្ជាក់ថា វិស័យព័ត៌មានបានរួមចំណែកដោយផ្អែកលើមុខងារសំខាន់ៗ ដូចជា៖ ទី១. ចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកលើមូលដ្ឋាននីតិរដ្ឋ, ទី២. បញ្ជូនព័ត៌មានពិត និងរហ័សទាន់ពេល, ទី៣. ផ្តល់ព័ត៌មានបែបអប់រំ និងចំណេះដឹង, ទី៤. ជាឆ្មាំត្រួតពិនិត្យតុល្យភាពសង្គមដ៏ស្មោះត្រង់, និងទី៥. ចូលរួមកែលម្អសង្គម តាមរយៈការផ្តល់ព័ត៌មានពិតគ្រប់ជ្រុងជ្រោយ និងប្រកបដោយតម្លាភាព និងជាអ្នកផ្តល់ធាតុចូល ក្នុងការរៀបចំគោលនយោបាយ, ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងផែនការសកម្មភាពរបស់រាជរដ្ឋាភិបាល ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្តថា រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងថែមទៀត នូវការគោរពសិទ្ធិសេរីភាពខាងសារព័ត៌មាន, សេរីភាពនៃបោះពុម្ពផ្សាយ, សេរីភាពនៃការការបញ្ចេញមតិ ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃកម្ពុជា។ បន្ថែមលើនេះ, រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ក្នុងការធានានូវបរិយាកាសបើកទូលាយការប្រកបវិជា្ជជីវៈសារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា តាមរយៈការធានាការគោរព សិទ្ធិ គ្មានការរើសអើង, គ្មានការគំរាម និងមិនប្រកាន់និន្នាការនយោបាយ។

ជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ជាពិសេស បច្ចេកវិទ្យាឌីជីថល សម្តេចធិបតីបានផ្តល់អនុសាសន៍ថា ប្រព័ន្ធផ្សព្វផ្សាយចាំបាច់ត្រូវធ្វើបរិវត្តកម្មឌីជីថល ដើម្បីធានានូវវិសាលភាពនៃការផ្សាយគ្របដណ្តប់បានទូទាំងប្រទេស ឱ្យបានលឿន រហ័ស និងមានគុណភាពខ្ពស់ ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ក្រមសីលធម៌របស់អ្នកសារព័ត៌មាន ពិតជាមានសារៈសំខាន់បំផុតក្នុងការកំណត់នូវបទដ្ឋាន និងកម្រិតនៃលំហអនុវត្តក្នុងវិស័យព័ត៌មាន ដើម្បីរក្សាបាននូវតម្លៃ និងមូលដ្ឋានរឹងមាំនៃទំនុកចិត្ត តាមរយៈការគោរពប្រតិបត្តិត្រឹមត្រូវរបស់ប្រតិបត្តិករគ្រប់រូបក្នុងវិស័យនេះ ។ ជាពិសេស មន្ត្រីសារព័ត៌មានតាមបណ្តារាជធានី ខេត្តត្រូវដើរតួជាអ្នកសាធារណ:មតិ ប្រកបដោយភាពបុរេសកម្មជាប្រចាំ ដើម្បីផ្សព្វផ្សាយនូវសមិទ្ធផលវិជ្ជមានដែលរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីខេត្តបានកសាង និងសម្រេចបានជូនដល់ប្រជាពលរដ្ឋឱ្យមានភាពកក់ក្តៅជាមួយស្នាដៃដែលបានកសាង និងសម្រេចបានទាំងនេះ។

ជាមួយគ្នានេះដែរ សម្តេចធិបតី បានធ្វើការវាយតម្លៃខ្ពស់ចំពោះក្រសួងព័ត៌មាន ដែលបានអនុវត្តភារកិច្ចប្រកប ដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈក្នុងការចុះយកព័ត៌មាន, ការចែករំលែកព័ត៌មាន, និងការផ្សព្វផ្សាយព័ត៌មានបានទូលំទូលាយ និងរហ័សទាន់សភាពការណ៍ ទាំងនៅក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ដើម្បីបង្ហាញពីសភាពការណ៍ពិតប្រាកដ ជាក់ស្តែងនៅកម្ពុជា៕