អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សុខាអូតែល បានអញ្ជើញទទួលបដិសណ្ឋារកិច្ចសម្តេចសង្ឃព្រះនាម Ven. Sayadaw Pandawontha (Aungzabu) Mahasadhamajotikadaja ព្រះប្រធានកិត្តិយសសម្ព័ន្ធពុទ្ធសាសនិកពិភពលោក World Alliance Of Buddhists (WAB) និមន្តមកពីប្រទេសភូមា ដែលបាននិមន្តមកកាន់ភ្នំបូកគោ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។
តាមការបង្ហាញនៅលើទំព័រហ្វេសប៊ុក សុខាអចលនទ្រព្យ នៅរសៀលថ្ងៃទី២៤ ខែមករានេះ បានឱ្យដឹងថា ការអញ្ជើញនិមន្តមកកាន់ភ្នំបូកគោនេះ សម្តេចសង្ឃ Ven. Sayadaw Pandawontha (Aungzabu) Mahasadhamajotikadaja មានបំណងដើម្បីទតការដ្ឋានសាងសង់សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ លើខ្នងភ្នំបូកគោ។ ក្នុងឱកាសនោះដែរ អ្នកឧកញ៉ា សុខ គង់ បានធ្វើបទបង្ហាញអំពីគម្រោងសំខាន់ៗ នៃសាងសង់សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ ព្រមទាំងអញ្ជើញទៅកាន់ការដ្ឋានសាងសង់ផ្ទាល់ផងដែរ។
សូមជម្រាបជូនថា គម្រោងសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រ នៅលើខ្នងភ្នំបូកគោ ស្ថិតនៅក្នុងឧទ្យានជាតិព្រះមនុវង្ស «បូកគោ» ត្រូវបានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមអធិបតីភាព លោក ជា សុផារ៉ា អតីតរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣។ អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សុខាអូតែល ធ្លាប់បានបញ្ជាក់ថា ព្រះពុទ្ធបដិមានេះ នឹងចំណាយរយៈពេលសាងសង់ ៤ឆ្នាំ និងចំណាយប្រាក់ចន្លោះពី ៣០លានដុល្លារ ទៅ៤០លានដុល្លារអាមេរិក៕