នាយកប្រតិបត្តិក្រុមហ៊ុន Tesla មហាសេដ្ឋី Elon Musk បានទម្លាយឲ្យដឹងថា ក្រុមហ៊ុនចិន ច្បាស់ជាកម្ទេចគូប្រជែងដទៃ និងដណ្ដើមយកចំណែកទីផ្សាររថយន្តទូទាំងសកលលោក បើសិនជាមិនមានរបាំងពាណិជ្ជកម្មត្រឹមត្រូវ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញទៀតថា ការលើកឡើងរបស់កំពូលអ្នកមានដាច់គេ កើតឡើងបន្ទាប់ពីក្រុមហ៊ុនរថយន្តចិន BYD បានផ្ដួលក្រុមហ៊ុន Tesla ក្លាយជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីបានច្រើនបំផុតនៅលើលោក កាលពីឆ្នាំ២០២៣។
“ក្រុមហ៊ុនរថយន្តចិន គឺមានភាពប្រកួតប្រជែងខ្លាំង និងមានសក្ដានុពលខ្ពស់ ក្នុងការទទួលបានភាពជោគជ័យ នៅលើទីផ្សារអន្តរជាតិ។ បើសិនជាគ្មានរបាំងពាណិជ្ជកម្ម ពួកគេច្បាស់ជាកម្ទេចដៃគូប្រជែងដទៃ ដណ្ដើមទីផ្សាររថយន្តតែម្នាក់ឯងជាមិនខាន”។ នេះបើតាមសម្ដីរបស់មេធំ Tesla បានលើកឡើង។
រំលឹកបន្តិចថា បច្ចុប្បន្ននេះ ក្រុមហ៊ុនរថយន្តចិនកំពុងបង្កហានិភ័យដល់គូប្រជែងដទៃ ដ្បិតតម្លៃរថយន្តរបស់ពួកគេមានទាបជាងក្រុមហ៊ុនដទៃដាច់ ស្របពេលបច្ចេកវិទ្យាដែលបំពាក់មកជាមួយនោះ ក៏មិនខុសគ្នាខ្លាំងពីក្រុមហ៊ុនល្បីៗផងដែរ៕