ប្រធានគណៈកម្មការប្រតិបត្តិសមាគមវារីវប្បករកម្ពុជាអះអាងថា ការអនុវត្តវារីវប្បកម្មល្អ ជួយឱ្យកសិករអាចនាំឬផ្គត់ផ្គង់ត្រីរបស់ខ្លួនចូលទៅកាន់តែទីផ្សារទំនើបនិងថែមទំាងទទួលបានទំនុកចិត្តខ្ពស់ពីក្រុមហ៊ុនធំៗ ហើយក្នុងឆ្នាំ២០២៤នេះសមាគមនិងជំរុញបង្កើតឱ្យកន្លែងអនុវត្តវារីវប្បកម្មល្អនេះឱ្យបានដល់១០០កន្លែង។
លោក ឡែមផូរ សុថាវរិទ្ធិ ប្រធានគណៈកម្មការប្រតិបត្តិសមាគមវារីវប្បករកម្ពុជា បានឱ្យដឹងថា ការធ្វើវារីវប្បកម្មល្អ មកដល់សព្វថ្ងៃនេះយើងមាន៦ទៅ៧កន្លែង ហើយក្នុងឆ្នាំ២០២៤នេះ នឹងកើនឡើង១០០កន្លែង តាមរយៈការជំរុញរបស់សមាគមនិងរដ្ឋបាលជលផល។
លោកបន្តថា «កាលណាកសិករចិញ្ចឹមត្រី តាមបែបវារីវប្បកម្មល្អ ត្រីរបស់ពួកគាត់អាចនាំចូលទៅទីផ្សារទំនើប ធ្វើឱ្យផលិតផលត្រីរបស់គាត់ទទួលបានទំនុកចិត្តកាន់តែខ្ពស់ ពីក្រុមហ៊ុនឬសណ្ឋាគារធំគេទទួលទិញពីយើងបាន ធ្វើឱ្យទីផ្សារកាន់តែល្អជាងមុន»។
លោកលើកឡើងថា មកដល់សព្វថ្ងៃនេះខាងសមាគមបានសហការយ៉ាងស្អិតរមួតជាមួយនិងរដ្ឋបាលជលផលក្នុងការជួយដល់កសិករ។រដ្ឋបាលជលផល ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានជួយឱ្យកសិករអនុវត្តវារីវប្បកម្មល្អ ដោយយើងធ្វើយ៉ាងណាជំរុញឱ្យការផលិតត្រីកាន់តែប្រសើរឡើង ហើយទីផ្សារអាចប្រកួតប្រជែងជាមួយនិងប្រទេសជិតខាងបាន។
ការអនុវត្តវារីវប្បកម្មល្អ ឬហៅថា Good Aquaculture Practice បើយោងតាមមន្ត្រីជលផលគឺ សំដៅដល់ស្តង់ដារនៃការគ្រប់គ្រងកសិដ្ឋានបង្កាត់ភ្ញាស់ឬចិញ្ចឹមវារីសត្វដែលមានការគ្រប់គ្រងអនាម័យបានល្អ និងផលិតផលដែលទទួលបានពីការធ្វើវារីវប្បកម្មមានគុណភាព និងសុវត្ថិភាពដែលអនុលោមតាមលក្ខណៈវិនិច្ឆ័យ ឬស្តង់ដារដែលបានកំណត់ដោយរដ្ឋបាលជលផល។លើសពីនេះការអនុវត្តវារីវប្បកម្មល្អគឺមិនធ្វើឱ្យមានផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាននិងសង្គមនោះទេ។លើសពីនេះបើតាមគោលការសំខាន់នៃការអនុវត្តវារីវប្បកម្មល្អ។ដោយឡែក ការអនុវត្តវារីវប្បកម្មល្អរបស់អាស៊ាន គឺត្រូវគោរពតាមគោលការណ៍សំខាន់ចំនួន៤៖(១) សុវត្ថិភាពចំណីអាហារ, (២) សុខភាពនិងសុខុមាលភាពវារីសត្វ,(៣) បរិស្ថានល្អ និង(៤) ទិដ្ឋភាពសេដ្ឋកិច្ចសង្គម។
បើតាមប្រធានគណៈកម្មការប្រតិបត្តិសមាគមវារីវប្បករកម្ពុជា បច្ចុប្បន្នសមាគមមានសមាជិក១០៦១នាក់ និងមានកសិដ្ឋាន៧៣០កន្លែងដែលជាសមាជិកនៅក្នុងខេត្តជុំវិញបឹងទន្លេសាប មានខេត្តកណ្តាល កំពង់ចាម កំពង់ធំ សៀមរាប បាត់ដំបង និងពោធិ៍សាត់ ហើយនៅឆ្នាំ២០២៤នេះទទួលបានសមាជិកក្នុងខេត្តតាកែវ ហើយនៅគ្រាបន្ទាប់មានខេត្តព្រៃវែងនិងបន្ទាយមានជ័យ៕ តាកែវ