តម្លៃមូលធនទីផ្សារក្រុមហ៊ុន Microsoft កើនដល់ ៣ទ្រីលានដុល្លារជាលើកដំបូង ក្នុងប្រវត្តិសាស្រ្ត

អន្តរជាតិ

តម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុន Microsoft បានកើនឡើងដល់ចំនួន ៣ទ្រីលានដុល្លារ ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន គិតត្រឹមថ្ងៃពុធ ទី២៤ ខែមករាកន្លងទៅ ដោយរក្សាតំណែងរបស់ពួកគេ ជាក្រុមហ៊ុនមានតម្លៃបំផុតលំដាប់ទីពីររបស់ពិភពលោក បន្ទាប់ពីក្រុមហ៊ុន Apple ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តម្លៃទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft និង Apple បាននិងកំពុងប្រជែងគ្នាដណ្តើមតំណែងកំពូលនៅក្នុងតារាង Wall Street ចាប់តាំងពីដើមឆ្នាំ២០២៤ នេះមក ដោយក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Microsoft​ ធ្លាប់បានដណ្តើមតំណែងរបស់ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone ដើម្បីឈរកំពូលតារាងរយ:ពេលខ្លី កាលពីដើមខែមករាកន្លងទៅ។

គួរឲ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft បានឡើងដល់កម្រិតខ្ពស់បំផុត នៅការជួញដូរលើកចុងក្រោយក្នុងតម្លៃ ៤០៥,៦ដុល្លារក្នុងមួយហ៊ុន ពោលគឺបានកើនឡើង ១,៧% ដែលជាហេតុធ្វើឲ្យពួកគេកើនឡើងតម្លៃទីផ្សារខ្ពស់បំផុតដល់ ៣ទ្រីលានដុល្លារ ជាលើកដំបូង។ ប៉ុន្តែនៅក្រោយមក ពេលដែលទីផ្សារហ៊ុនត្រូវបានបិទបញ្ចប់វិញ តម្លៃភាគហ៊ុនរបស់ Microsoft បានធ្លាក់ចុះមកនៅត្រឹម ៤០២,៥ដុល្លារក្នុងមួយហ៊ុនប៉ុណ្ណោះ និងធ្វើឲ្យតម្លៃទីផ្សាររបស់ពួកគេ ធ្លាក់មកនៅត្រឹម ២,៩៩ទ្រីលានដុល្លារវិញ។

ដោយឡែក ក្រុមហ៊ុន Apple នៅក្នុងការជួញដូរចុងក្រោយកាលពីថ្ងៃពុធ ពួកគេក៏បានបំបែកកំណត់ត្រាថ្មី និងបានឡើងកាន់តំណែងជាក្រុមហ៊ុនមានតម្លៃថ្លៃជាងគេរបស់ពិភពលោកវិញផងដែរ ជាមួយនឹងតម្លៃទីផ្សារឈានដល់ ៣,០៣ទី្រលានដុល្លារ។ នេះបើយោងតាមទិន្នន័យទទួលបានពីស្ថាប័នតាមដានទីផ្សារហ៊ុន LSEG ៕