មហាសេដ្ឋីចិន Jack Ma ក្លាយជាម្ចាស់ភាគហ៊ុនធំរបស់ Alibaba ក្រោយទិញយកក្នុងតម្លៃ ៥០លានដុល្លារ

អន្តរជាតិ

សហស្ថាបនិករបស់ក្រុមហ៊ុន Alibaba លោក Jack Ma និងលោក Joe Tsai បានទិញយកភាគហ៊ុនដែលមានតម្លៃដល់ទៅរាប់រយលានដុល្លារ នៅក្នុងក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកខ្នាតយក្សរបស់ចិនមួយនេះ ខណ:ដែលវាបានធ្វើឲ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន កើនឡើងដល់ប្រហែល ៨% គិតត្រឹមថ្ងៃអង្គារ ដើមសប្តាហ៍នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានរាយការណ៍ថា លោក Ma បានទិញយកភាគហ៊ុនរបស់ក្រុមហ៊ុន Alibaba ដែលជួញដូរនៅក្នុងទីផ្សារហ៊ុនរបស់ហុងកុង ក្នុងតម្លៃប្រមាណ ៥០លានដុល្លារ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ កន្លងទៅ ។

ជុំវិញការទិញយកភាគហ៊ុនលើកចុងក្រោយនេះ បានធ្វើឲ្យលោក Ma បច្ចុប្បន្នកំពុងកាន់កាប់ភាគហ៊ុនយ៉ាងមានប្រសិទ្ធភាព ពោលគឺបានកើនឡើងពីចំនួន ៤,៣% ពីរបាយការណ៍ដែលបានរាយការណ៍កាលពីមុន ដែលធ្វើឲ្យលោកក្លាយជាម្ចាស់ភាគហ៊ុនដ៏ធំតែមួយគត់ នៅក្នុងក្រុមហ៊ុននេះផងដែរ។

ជាមួយគ្នានេះផងដែរ ក្រៅតែពីលោក Ma ប្រធានក្រុមហ៊ុន Alibaba លោក Joe Tsai ក៏បានបង្កើនការកាន់កាប់ភាគហ៊ុនរបស់ខ្លួន នៅក្នុងក្រុមពាណិជ្ជកម្មអេឡិចត្រូនិកខ្នាតយក្សនេះផងដែរ ដោយលោកបានធ្វើការទិញយកភាគហ៊ុនក្នុងតម្លៃប្រហែល ១៥១លានដុល្លារ តាមរយ:ក្រុមហ៊ុនវិនិយោគដោយគ្រួសាររបស់លោក គឺ Blue Pool Management ។

ជម្រាបជូនផងដែរថា ជាមួយនឹងការទិញយកភាគហ៊ុនទាំងនោះ បានធ្វើឲ្យលោក Ma និងលោក Tsai ទាញទម្លាក់តំណែងក្រុមហ៊ុន SoftBank Group របស់ប្រទេសជប៉ុន ក្នុងនាមជាម្ចាស់ភាគហ៊ុនធំជាងគេ នៅក្នុងក្រុមហ៊ុន Alibaba នាពេលបច្ចុប្បន្ននេះ៕