ក្រុមហ៊ុនអ្នកឧកញ៉ា ពុង ឃាវសែ សម្រេចការសាងសង់បាន ៨០%ហើយ ស្ពានអាកាសព្រះមុនីវង្សថ្មីតម្លៃជាង ៣៦លានដុល្លារអាមេរិក

ជុំវិញ​ឧកញ៉ា

ស្ពានអាកាសតេជោ តភ្ជាប់មហាវិថី ព្រះមុនីវង្ស និងមហាវិថី សម្តេចតេជោ ហ៊ុន សែន (ស្ពានអាកាសមេផ្នែកខាងលើ) សម្រេចបានលទ្ធផល ៨០%ហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានឲ្យដឹងលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននាល្ងាចថ្ងៃសៅរ៍ ទី២៧ ខែមករានេះថា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹងចូលរួមតភ្ជាប់ស្ពានអាកាសព្រះមុនីវង្សថ្មី ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស, មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១)។

លោកបន្តថា ក្នុងដំណាក់កាលទី១ ការសាងសង់ស្ពានអាកាសព្រះមុនីវង្សថ្មី (ស្ពានអាកាសជាន់ទី២) បច្ចុប្បន្នសាងសង់បានសម្រេចប្រមាណ ៨០% ហើយតាមផែនការគ្រោងនឹងត្រូវបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។ ចំណែកដំណាក់កាលទី២ គ្រោងនឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងស្ពានអាកាសព្រះមុនីវង្សថ្មីគ្រោងនឹងចំណាយថវិកាសាងសង់ចំនួន ៣៦.៧៧៥.០០០ដុល្លាអាមេរិក និងប្រើរយៈពេលសាងសង់ ៣៦ខែ។ ការសាងសង់ស្ពានអាកាសថ្មីនេះ គឺជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ និងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ៕