បើពុំមានការប្រែប្រួលណាមួយនោះទេ រោងចក្រគាបប្រេងស្វាយចន្ទីចំនួន២នឹងដាក់ឱ្យដំណើរការក្នុងខេត្តព្រះវិហារ នាខែមេសា និងខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ។ នេះបើតាមលោក អួន ស៊ីឡុត។
ប្រធានសមាគមស្វាយចន្ទីកម្ពុជាលោក អួន ស៊ីឡុត បានឱ្យដឹងថារោងចក្រទំាង២ដែលត្រៀមកើតឡើងក្នុងទឹកដីខេត្តព្រះវិហារខាងមុខនេះ ជាការវិនិយោគរបស់ក្រុមហ៊ុន Santana និងក្រុមហ៊ុន Mirarth Agri Teach។ សម្រាប់ក្រុមហ៊ុន Santana មកដល់ឥឡូវនេះ បានចាប់ផ្តើមតម្លើងម៉ាស៊ីនគាបប្រេងស្វាយចន្ទី ហើយប្រេងដែលគាបបានក្រុមហ៊ុននឹងនាំចេញទៅប្រទេសចិន ចំណែកក្រុមហ៊ុន Mirarth Agri Teach បាននិងកំពុងចាប់ផ្តើមបុកគ្រឹះសាងសង់ ហើយនៅពេលដាក់ដំណើរឬគាបប្រេងបានក្រុមហ៊ុននឹងនាំចេញទៅប្រទេសជប៉ុន។
លោក លោក អួន ស៊ីឡុតលើកឡើងថា សំបកគ្រាប់ស្វាយចន្ទីក្នុងមួយតោនអាចលក់បានថ្លៃ១២០ដុល្លារ ហើយនៅក្នុង សំបក៣គីឡូនៃគ្រាប់ស្វាយចន្ទីM-23 អាចគាបបានប្រេង១គីឡូ។ ប្រេងដែលបានមកពីសំបកគ្រាប់ស្វាយចន្ទីនេះ អាចយកទៅប្រើជំនួសប្រេងម៉ាស៊ូត និងមានការបំភាយឧស្ម័នកាបូនិកតិចបំផុតនៅក្នុងបរិយាកាស ដែលធ្វើឱ្យបណ្តាប្រទេសនានានៅអឺរ៉ុបដែលស្រលាញ់បរិស្ថានគឺគេចង់បានប្រេងស្វាយចន្ទីប្រើជំនួសឱ្យប្រេងម៉ាស៊ូតដែលយកចេញពីក្នុងដី។
គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ លោក សាសាគី កូជី នាយកប្រតិបត្តិនៃក្រុមហ៊ុន Mirarth Agri Teach Co., Ltd.បានបង្ហាញទៅលោកបណ្ឌិត អ៊ាង សុផល្លែត អំពីគម្រោងការវិនិយោគខ្នាតមធ្យមកន្លងមកដែលសម្រេចបានប្រមាណជាង១ពាន់តោន ហើយជាគម្រោងក្រុមហ៊ុននឹងពង្រីករោងចក្រកែច្នៃស្វាយចន្ទីដែលរួមមានគ្រាប់ស្វាយចន្ទី និងសម្បកស្វាយចន្ទីឱ្យទៅជាប្រេង ដោយប្រើប្រាស់ថាមពលស្អាត បន្ថែមទៀតនៅក្នុងខេត្តព្រះវិហារ តាមរយៈការនាំយកបច្ចេកវិទ្យាពីប្រទេសជប៉ុន សំដៅដល់ការផលិតឱ្យបានជាង ២ម៉ឺនតោនក្នុងមួយឆ្នាំៗ ។
លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមMirarth Agri Teach ក្នុងការវិនិយោគ ដែលបានផ្តល់ជាប្រយោជន៍ដល់ប្រជាសហគមន៍ ជាពិសេសការលើកកម្ពស់ជីវភាពសហគមន៍តាមរយៈការដាំដើមស្វាយចន្ទី ហើយដើមស្វាយចន្ទីនេះទៀតសោតអាចជួយបង្កើននូវគម្របព្រៃឈើ និងផលរបស់ស្វាយចន្ទីផ្តល់ជាប្រាក់ចំណូលឱ្យប្រជាសហគមន៍មានជីវភាពល្អប្រសើរ កាត់បន្ថយការចូលព្រៃរកអនុផលព្រៃឈើ ឬសម្លាប់សត្វ ម្យ៉ាងវិញទៀតដើមស្វាយចន្ទីក៏ជាប្រភេទដើមឈើដែលជួយស្រូបយកឧស្ម័នកាបូនិច និងផលិតជាអុកស៊ីសែនទៅក្នុងបរិយាកាសវិញ។ ការវិនិយោគដែលផ្តល់ប្រយោជន៍ផ្ទាល់ទៅសហគមន៍បែបនេះ គឺស្របតាមយុទ្ធសាស្រ្តគន្លឹះ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ គឺផ្តោតលើ ភាពស្អាត ភាពបៃតង និងចីរភាព។ កិច្ចសហប្រតិបត្តិការនេះ បានឆ្លើយតបទៅនឹងមុំទី៥នៃយុទ្ធសាស្រ្តស្នូលទី៤ ដែលបានផ្តោតលើ ការបន្តកសាងភាពជាដៃគូប្រកបដោយបរិយាបន្ន និងស័ក្តិសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍៕ តាកែវ