ក្រុមហ៊ុន Toyota Motor បានប្រកាសថា ខ្លួននឹងធ្វើការផ្អាកការនាំចេញរថយន្តម៉ូដែលមួយចំនួន រួមទាំងប្រភេទរថយន្តដឹកទំនិញ Hilux និងប្រភេទ SUV Land Cruiser 300 បន្ទាប់ពីមានភាពមិនប្រក្រតី ត្រូវបានរកឃើញនៅក្នុងវិញ្ញាបនប័ត្របញ្ជាក់នៃការធ្វើតេស្តសម្រាប់ម៉ាស៊ីនដើរដោយថាមពលម៉ាស៊ូត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
គណ:កម្មាធិការស៊ើបអង្កេតពិសេសមួយ បានរកឃើញថាភាពមិនប្រក្រតីកើតឡើងក្នុងអំឡុងពេលធ្វើតេស្តកម្លាំងម៉ាស៊ីន ដែលសម្រាប់បំពាក់ទៅលើប្រភេទរថយន្តដូចដែលបានរៀបរាប់ដូចខាងលើ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន Toyota បាននិយាយទៀតថា ការស៊ើបអង្កេតបានរកឃើញថា គ្រឿងបញ្ជាអេឡិចត្រូនិកដែលប្រើក្នុងអំឡុងពេលធ្វើតេស្តកម្លាំងម៉ាស៊ីន គឺខុសពីឧបករណ៍ដែលប្រើក្នុងអំឡុងពេលផលិតម៉ាស៊ីន ដែលជាហេតុធ្វើឲ្យមានភាពមិនប្រក្រតី រហូតដល់ឈានដល់ការសម្រេចចិត្តផ្អាកការនាំចេញទៅលើរថយន្តម៉ូដែលមួយចំនួនរបស់ខ្លួន តែម្តង។
ជម្រាបជូនផងដែរថា ភាគហ៊ុននៅក្នុងក្រុមហ៊ុន Toyota Industries ដែលទទួលបន្ទុកក្នុងការផលិតម៉ាស៊ីន សម្រាប់ក្រុមហ៊ុនមេ Toyota នេះ បានធ្លាក់ចុះដល់កម្រិតអវិជ្ជមានភ្លាមៗ បន្ទាប់ពីកើតមានព័ត៌មាននេះ៕