មន្ត្រីជាន់ខ្ពស់របស់ប្រទេសមីយ៉ាន់ម៉ា បានចូលរួមនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលបានធ្វើឡើងកាលពីថ្ងៃទី២៩ ខែមករា ក្នុងប្រទេសឡាវ ខណៈការចូលរួមនេះគឺជាលើកដំបូងក្នុងរយៈពេលជាង ២ឆ្នាំ ដែលមីយ៉ាន់ម៉ាបញ្ជូនតំណាងរបស់ខ្លួនចូលរួមក្នុងការប្រជុំអាស៊ាន។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Irrawaddy បានបង្ហាញថា តាំងពីខែកុម្ភៈ ឆ្នាំ២០២១ មីយ៉ាន់ម៉ា តែងតែបដិសេធមិនចូលរួមកិច្ចប្រជុំអាស៊ាន មិនថាជាកិច្ចប្រជុំកំពូល ឬកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីឡើយ ប៉ុន្តែទើបតែលើកនេះ ពួកគេបានបញ្ជូនអ្នកស្រី Marlar Than Htike សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ធ្វើឡើងនៅទីក្រុងហ្លួងព្រះបាង នៃប្រទេសឡាវប៉ុណ្ណោះ។
បើទោះជាមីយ៉ាន់ម៉ាបានបញ្ជូនតំណាងរបស់ខ្លួន សម្រាប់កិច្ចប្រជុំអាស៊ានសារនេះក្ដី ប៉ុន្តែលោកស្រី Marlar បានច្រានចោល និងមិនឆ្លើយតបរាល់សំណួររបស់ក្រុមអ្នកសារព័ត៌មាន ទាក់ទងនឹងបច្ចុប្បន្នភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាសោះឡើយ។
គួសបញ្ជាក់ដែរថា កិច្ចប្រជុំមួយនេះកើតមានឡើង ត្រឹមរយៈពេល ៣ថ្ងៃប៉ុណ្ណោះ មុនគម្រប់ខួប ៣ឆ្នាំ នៃការធ្វើរដ្ឋប្រហាររបស់កងយោធាមីយ៉ាន់ម៉ា ស្របពេលបច្ចុប្បន្នរដ្ឋាភិបាលមីយ៉ាន់ម៉ា កំពុងប្រឈមនឹងបញ្ហាដ៏ធំ ពីការវាយលុករបស់ក្រុមឧទ្ទាម។
សូមជម្រាបដែរថា កន្លងមកសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ តែងព្យាយាមរកដំណោះស្រាយសមស្របមួយ សម្រាប់បញ្ហាសង្គ្រាមស៊ីវិលនៅប្រទេសមីយ៉ាន់ម៉ា ដោយទាមទារការសហការពីប្រទេសមួយនេះ ប៉ុន្តែមិនបានលទ្ធផលជាដុំកំភួនឡើយ៕