ព្រឹត្តិការណ៍តាំងបង្ហាញរថយន្តកំពូលៗ Supercar និង Hypercar ក្នុងកម្មវិធី Rev Up Beyond Supercar (RUBS) ដែលបានធ្វើឡើងកាលពីថ្ងៃទី២៧ ខែមករា នៅអគារពាណិជ្ជកម្ម Chip Mong Tower ទទួលបានការគាំទ្រយ៉ាងកក្រើកពីសំណាក់អ្នកចូលរួមដ៏ច្រើនកុះករ។
លោកឧកញ៉ា លាង ពៅ អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើវីជីស និងជាអ្នកតំណាងឱ្យម្ចាស់រថយន្ត super car ទាំងអស់ មានប្រសាសន៍ថា ដោយសារតែមើលឃើញពីសន្ទុះនៃការគាំទ្រ និងស្រលាញ់ចូលចិត្តពីសំណាក់អ្នកចូលចិត្តរថយន្ត ជាពិសេស ចង់លើកកម្ពស់វិស័យរថយន្តទំនើបៗនៅកម្ពុជា ទើបលោកឧកញ៉ា និងម្ចាស់រថយន្តប្រភេទ Supercar និង Hypercar ទាំងអស់នៅកម្ពុជាព្យាយាមជួបជុំគ្នា និង រៀបចំកម្មវិធីដ៏ពិសេសនេះឡើង។
លោកឧកញ៉ា លាង ពៅ បញ្ជាក់បន្ថែមថា ការរៀបចំព្រឹត្តិការណ៍ជួបជុំរថយន្ត នេះឡើង គឺមិនមែនដើម្បីសំញ៉ែងធនធានអ្វីឡើយ ពោល គឺការរៀបចំ Rev Up Beyond Supercar នេះឡើង គឺដើម្បី៖
ទី១/ ចង់បំពេញក្ដីស្រមៃរបស់ប្រជាជនគ្រប់ស្រទាប់វ័យ ដែលស្រលាញ់ចូលចិត្តរថយន្តស្ព័រទំនើបៗ ឲ្យបានឃើញផ្ទាល់ ប៉ះផ្ទាល់ ផ្ដិតយករូបភាពរថយន្តក្នុងក្ដីស្រមៃរបស់ពួកគេ។
ទី២/ ពង្រឹងបណ្ដាញទំនាក់ទំនងរវាងម្ចាស់រថយន្តទាំងនោះ ដើម្បីបង្កើតជាសមាគមរថយន្ត Supercar និង Hypercar ដូចទៅនឹងបណ្ដាប្រទេសក្នុងតំបន់
ទី៣/ ជួយដល់ម្ចាស់អាជីវកម្ម ដែលកំពុងប្រកបធុរកិច្ច លើវិស័យរថយន្តទាំងអស់ អាចនាំយកផលិតផល ឬសេវាកម្មនានារបស់ខ្លួន បង្ហាញ និងចែកចាយទៅកាន់ម្ចាស់ផ្ទាល់
៤/ កម្មវិធី RUBS គឺប្រៀបដូចជា បទពិសោធន៍នៃការកម្សាន្តបែបថ្មីសន្លាង ជាពិសេសបំពេញចំណាប់អារម្មណ៍យុវជន បំផុសគំនិតថ្មីៗទាក់ទងនឹងរថយន្តទំនើបៗ ក៏ដូចជាជំរុញចិត្តយុវជនឲ្យព្យាយាមខិតខំរៀនសូត្រ និងធ្វើការរកចំណូល ដើម្បីតាមចាប់រថយន្តនៅក្នុងក្ដីស្រមៃរៀងៗខ្លួនផងដែរ។
កម្មវិធី Rev Up Beyond Supercar ប្រារព្ធធ្វើឡើងកាលពីថ្ងៃទី២៧ ខែមករា នៅអគារពាណិជ្ជកម្ម Chip Mong Tower ដោយមានការចូលរួមពីរថយន្ត Supercar និង Hypercar កំពូលៗ រាប់រយគ្រឿង និងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងៗពីសំណាក់អ្នកចូលរួមគ្រប់វ័យ។
ជាការកត់សម្គាល់ អ្នកចូលរួមក្នុងកម្មវិធី ជាពិសេស យុវជនដែលស្រឡាញ់ចូលចិត្តរថយន្ត Supercar និង Hypercar បានទទូចសុំឲ្យមានការបង្កើតព្រឹត្តិការណ៍តាំងបង្ហាញរថយន្តទំនើបៗ បែបនេះឲ្យបានញឹកញាប់ និងច្រើនជាងមុន ដ្បិតនេះគឺជារសនិយមនៃបទពិសោធន៍ការកម្សាន្តបែបថ្មី និងមិនធ្លាប់មានការរៀបចំច្រើននៅកម្ពុជាឡើយ៕