«វិមានសំណាង ថោន» តម្លៃ៥០០លានដុល្លារ របស់ឧកញ៉ា គីម ហ៊ាង គ្រោងចាប់ផ្តើមសាងសង់ នៅឆ្នាំ២០២៥

ជុំវិញ​ឧកញ៉ា

លោក​ឧកញ៉ាបណ្ឌិត គីម ហ៊ាង ម្ចាស់គម្រោងលំនៅឋានលំដាប់អភិជន បុរី វិមានសំណាង ​​នៅ​​ថ្ងៃទី២៩ ខែ​មករា​ នេះ ​​បាន​បង្ហើប​ឱ្យ​ដឹង​ថា ​ការ​​​ចាប់​ផ្តើម​ដំណើរការ​សាងសង់​គម្រោង «វិមាន​សំណាង ថោន» ដែល​មាន​តម្លៃ​​ជាង​ ៥០០​លាន​ដុល្លារ ​​​គឺ​នឹង​អាច​ធ្វើឡើង​នៅ​ពាក់កណ្តាលឆ្នាំ២០២៥ ឬ​​យ៉ាង​យូរ​បំផុត​នៅ​ចុង​ឆ្នាំ២០២៥ ខាង​មុខ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ឧកញ៉ា​បណ្ឌិត បាន​ប្រាប់​ដល់ Oknha News ឱ្យ​ដឹង​ដូច្នេះ​ថា៖ “លឿនបំផុត គឺត្រឹមពាក់កណ្តាលឆ្នាំ​២០២៥ ហើយ​យូរបំផុត គឺចុងឆ្នាំ​២០២៥ ទើបយើងមានលទ្ធភាព និងសមត្ថភាព ដើម្បីបង្កើត ទីក្រុងសំណាង (Samnang Town) តម្លៃ​ជាង ៥០០លានដុល្លារ នៅក្នុងរាជធានីភ្នំពេញ សម្រាប់មនុស្សជាង ១ម៉ឺនគ្រួសារស្នាក់នៅ រួមជាមួយសាលារៀន មន្ទីរពេទ្យ ផ្សារ ការិយាល័យ”។

គួរ​រំឭ​ក​ថា ​កាល​ពី​ថ្ងៃទី២៣ ខែសីហា ឆ្នាំ​២០២២ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ​បាន​ប្រកាស​ថានឹង​បង្កើត ទីក្រុងសំណាង (Samnang Town) តម្លៃ ៥០០លានដុល្លារ ហើយ​មក​ទល់​បច្ចុប្បន្ន​នេះ​ លោក​និង​ក្រុមការងារ​ បាន​រៀបចំ​​ការងារ​មួយ​ចំនួន​ធំ​រួច​ជា​ស្រេច​ហើយ ក្នុង​នោះ​មាន​ដូចជា៖

១.បានរៀបចំដីច្រើនហិកតា មានប្លង់រឹង LMAP មិនជាប់បន្ទុកធនាគារ នៅកណ្តាលរាជធានីភ្នំពេញ។
២.បានរៀបចំក្រុមម៉ៅការសាងសង់ និងម៉ៅការសាងសង់បន្ត។
៣.បានរៀបចំដៃគូផ្គត់ផ្គង់សម្ភារៈសំណង់ និងដៃគូធនាគារ ​សម្រាប់ផ្តល់ឥណទានអោយអតិថិជន។
៤.បានរៀបចំក្រុមលក់ជាង ៥០០នាក់ នៅទូទាំងប្រទេសកម្ពុជា និងច្រើននាក់​ទៀត នៅតំបន់អាស៊ាន និងទ្វីបអាស៊ី។
៥.ក្រុមហ៊ុន​នៅខ្វះលុយប្រហែល ៣០លានដុល្លារទៀត ដើម្បីចាប់ផ្តើមដំណើរការសាងសង់តែម្តង ដោយ​​ក្រុមហ៊ុន​​នឹងមិនយកប្លង់ដីសាងសង់ទីក្រុង សំណាង ទៅដាក់បញ្ចាំយកលុយមកសាងសង់ទេ។

សូមបញ្ជាក់​ថា គម្រោង​វិមានសំណាងថោន (Vimean Samnang Town) លើដី ៥០ហិកតា ដែលមានតម្លៃ​វិនិយោគ​ដល់​ទៅជាង ៥០០លានដុល្លារ។ គម្រោង​​នេះ​នឹងមានការ​សាងសង់ដូចជា៖ ផ្ទះអាជីវកម្ម វីឡាព្រីង វីឡាឃ្វីន និងវីឡាឃីង, ខុនដូ ផ្សារទំនើប សាលារៀន សណ្ឋាគារ មន្ទីរពេទ្យ អគារការិយាល័យ កន្លែងរៀបចំ​ជប់លៀង អាពាហ៌​ពិពាហ៌ និងសាល​ប្រជុំ។ លោកឧកញ៉ា គីម ហ៊ាង បញ្ជាក់​ថា ​គម្រោង​នេះ​ត្រូវការពេល៦ឆ្នាំ ដើម្បីលក់អស់ និង ៩ឆ្នាំដើម្បីសង់បញ្ចប់ ហើយ​​ក្នុង​នោះ​អាចផ្តល់ការងាររាប់ពាន់កន្លែង ដល់ប្រជាជនកម្ពុជា ពន្ធគ្រប់​ប្រភេទ រាប់​សិបលានដុល្លារ ដល់រាជរដ្ឋាភិបាល​កម្ពុជា មុខរបររាប់រយ ដល់អ្នករស់នៅក្នុងសហគមន៌ ហើយ​ក៏ជាលំនៅដ្ឋានដល់ប្រជាជនរាប់ម៉ឺននាក់៕