ក្រុមហ៊ុន Toyota Motor Corp បានលក់រថយន្តច្រើនជាងគេបង្អស់កាលពីក្នុងឆ្នាំ២០២៣ ខណៈក្រុមហ៊ុនជប៉ុនមួយនេះ នៅតែបន្តឈរជើង ៤ឆ្នាំជាប់ៗគ្នាជាកំពូលអ្នកលក់រថយន្តបានច្រើនបំផុតនៅទូទាំងពិភពលោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Kyodo ។
ក្រុមហ៊ុន Toyota Motor Corp បានលក់រថយន្តសរុបចំនួន ១១,២៣លានគ្រឿងនៅទូទាំងពិភពលោក ខណៈក្នុងនោះក្រុមហ៊ុនផលិតរថយន្តខ្នាតតូច Daihatsu Motor និងក្រុមហ៊ុនផលិតរថយន្តដឹកទំនិញ Hino Motors បានកើនឡើងការលក់ចំនួន៧,២% បើធៀបនឹងឆ្នាំ២០២២ ។
ជាមួយគ្នានោះ បើនិយាយពីការលក់រថយន្តក្រោមម៉ាក Toyota តែឯង គឺមានចំនួនសរុបប្រមាណ ១០,៣១លានគ្រឿងឯណោះនៅទូទាំងពិភពលោកកើនឡើង៧,៧% ខណៈដែលទិន្នផលសកលរបស់ខ្លួនបានកើនឡើងដល់ចំនួន១១,១% ឬស្មើរនឹង ១០,៣លានគ្រឿង។
ដោយឡែកក្រុមហ៊ុន Volkswagen Group របស់អាល្លឺម៉ង់បានជាប់ចំណាត់ថ្នាក់លេខពីរ ដោយលក់រថយន្តបានចំនួន ៩,២៤លានគ្រឿងក្នុងឆ្នាំ២០២៣ ស្របពេលផលិតកម្មនៅទូទាំងពិភពលោកបានកើនឡើង៨,៦% ឬដល់ចំនួន ១១,៥២លានគ្រឿង ដោយសារតែមានតម្រូវការដ៏រឹងមាំពីបណ្តាប្រទេសដូចជាជប៉ុន អាមេរិកខាងជើង និងអឺរ៉ុបជាដើម៕