ឧបនាយករដ្ឋមន្ត្រីចិន ទទូចឲ្យមានការគាំទ្របន្ថែមដល់ក្រុមហ៊ុនចុះបញ្ជីធំៗ ដើម្បីស្ដារសេដ្ឋកិច្ចជាតិ

អន្តរជាតិ

ឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng បាននិយាយកាលពីថ្ងៃទី២៩ ខែមករាថា រដ្ឋាភិបាលគួរតែមានវិធានការថ្មីៗបន្ថែមទៀត សម្រាប់បន្តការគាំទ្រឲ្យកាន់តែខ្លាំង ដល់ក្រុមហ៊ុនចុះបញ្ជីធំៗ ដើម្បីស្ដារសេដ្ឋកិច្ចជាតិ និងធ្វើឲ្យទីផ្សារមានស្ថិរភាពឡើងវិញ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Xinhua។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

“ក្រុមហ៊ុនដែលបានចុះបញ្ជី គឺមានសារៈសំខាន់ណាស់ក្នុងមូលដ្ឋានសេដ្ឋកិច្ចមីក្រូ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចដែលមានគុណភាពល្អ។ ការគាំទ្រដល់ក្រុមហ៊ុនចុះបញ្ជីធំៗ នឹងអាចជួយដល់ការអភិវឌ្ឍន៍នានាដូចជា ការពឹងផ្អែកលើវិស័យបច្ចេកវិទ្យាដោយខ្លួនឯង ពន្លឿនការសាងសង់ប្រព័ន្ធឧស្សាហកម្មទំនើប និងពង្រឹងស្ថានភាពទីផ្សារ”។ នេះបើតាមសម្ដីរបស់លោក He បាននិយាយ។

ឧបនាយករដ្ឋមន្ត្រីរូបនេះក៏បានបន្ថែមថា រដ្ឋាភិបាលនឹងផ្ដល់នូវហិរញ្ញប្បទានសម្រាប់វិស័យអចលនទ្រព្យ ហើយអាជ្ញាធរក្នុងតំបន់ គួរតែចាប់យកឱកាសនេះ បង្កើត និងអភិវឌ្ឍវិស័យអចលនទ្រព្យនៅក្នុងទីក្រុង ឲ្យស្របទៅតាមគោលនយោបាយរបស់រដ្ឋាភិបាល។

សូមជម្រាបដែរថា ការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រីចិនធ្វើឡើងក្នុងថ្ងៃតែមួយ ជាមួយការប្រកាសរំលាយក្រុមហ៊ុនខ្នាតយក្ស China Evergrande ដែលផុងខ្លួនក្នុងបំណុល ដោះស្រាយមិនចេញ និងថែមទាំងបានបង្កហានិភ័យដល់សេដ្ឋកិច្ចចិនមួយកម្រិតទៀត ដ្បិតការរំលាយក្រុមហ៊ុននេះ អាចប៉ះពាល់ដល់វិស័យអចលនទ្រព្យ និងហិរញ្ញវត្ថុនៅប្រទេសចិន៕