Wedbush៖ រឿង ៣យ៉ាងដែល Elon Musk ត្រូវធ្វើ ដើម្បីលួងចិត្តវិនិយោគិនក្រុមហ៊ុន Tesla

អន្តរជាតិ

បើកទំព័រឆ្នាំ២០២៤ ក្រុមហ៊ុន Tesla ជួបប្រទះបញ្ហាផ្ទួនៗ ពោលតម្លៃហ៊ុនរបស់ពួកគេថយចុះជាខ្លាំង និងបានធ្វើឲ្យក្រុមហ៊ុនខាតបង់ប្រហែល ៨០ពាន់លានដុល្លារ ត្រឹមរយៈពេលមួយថ្ងៃប៉ុណ្ណោះកាលពីពេលកន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បញ្ហាទាំងអស់នេះ បានធ្វើឲ្យក្រុមវិនិយោគិនក្រុមហ៊ុន Tesla មិនមានភាពរីករាយជាមួយ​មហាសេដ្ឋី Elon Musk ឡើយ ស្របពេលធនាគារឯកជន Wedbush Securities ក៏បានបញ្ចេញជា​មតិយោបល់ថា មេធំ Tesla គួរតែធ្វើរឿងរ៉ាវ ៣យ៉ាង ដើម្បីលួងចិត្តក្រុមវិនិយោគិន ដែលកំពុងឆេះដុំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Business Insider។

រឿង ៣យ៉ាង ដែលធនាគារ Wedbush លើកជាយោបល់ទៅកាន់មហាសេដ្ឋី Elon Musk គឺ៖

១/បញ្ឈប់ការកាត់បន្ថយតម្លៃរថយន្ត

មួយរយៈចុងក្រោយនេះ ក្រុមហ៊ុន Tesla បានប្រើវិធានការកាត់បន្ថយតម្លៃរថយន្ត ដើម្បីប្រជែងជាមួយក្រុមហ៊ុនដទៃ ជាពិសេសគឺក្រុមហ៊ុនចិន ហើយលទ្ធផលពិតជាបានប្រសិទ្ធភាពមែន ដោយចំនួនរថយន្តដែលលក់ចេញ គឺមានការកើនឡើង ប៉ុន្តែប្រាក់ចំណេញរបស់ពួកគេ គឺមានការថយចុះ ដែលជាហេតុផលចំបងមួយ ធ្វើឲ្យក្រុមវិនិយោគិន មានការមិនពេញចិត្តជាខ្លាំង។

២/ចាប់ផ្ដើមយកចិត្តទុកដាក់ជាមួយកម្មវិធីបញ្ញាសប្បនិមិត្ត (AI)

បើទោះជាថ្មីៗនេះ Elon Musk ជោគជ័យជាមួយការបំពាក់បន្ទះឈីបខួរក្បាល លើមនុស្ស ជាមួយក្រុមហ៊ុន Neuralink ក៏ពិតមែន ប៉ុន្តែមហាសេដ្ឋីម្នាក់នេះ ហាក់មិនសូវអើពើជាមួយបច្ចេកវិទ្យា AI ជាមួយក្រុមហ៊ុន Tesla ប៉ុន្មានឡើយ។

ពួកគេគួរតែរៀបចំព្រឹត្តិការណ៍មួយ ពន្យល់ពិស្ដារពីបច្ចេកវិទ្យា AI ដែលបំពាក់លើរថយន្ត Tesla ទៅកាន់ក្រុមវិនិយោគិន ដើម្បីឲ្យពួកគេស្វែងយល់ឲ្យច្បាស់ ទើបពួកគេហ៊ានបណ្ដាក់ទុនបន្ថែម​ជាមួយក្រុមហ៊ុនមួយនេះ។

៣/ស្វែងរកកញ្ចប់ទឹកប្រាក់ពីខាងក្រៅ សម្រាប់ផ្គត់ផ្គង់ក្រុមហ៊ុន X

ការទិញយកបណ្ដាញសង្គម Twitter ហើយផ្លាស់ប្ដូរឈ្មោះជាក្រុមហ៊ុន X របស់មហាសេដ្ឋី Elon Musk មិនមែនជារឿងដែលធ្វើឲ្យវិនិយោគិននៅក្រុមហ៊ុន Tesla សប្បាយចិត្តឡើយ។

អ្វីដែលរឹតតែធ្វើឲ្យក្រុមវិនិយោគិនខឹងសម្បារនោះគឺ មេធំ Tesla បានលក់ភាគហ៊ុនមួយចំនួនធំ ដើម្បីយកទឹកប្រាក់ប្រហែល ៤៤ពាន់លានដុល្លារ ដើម្បីទិញក្រុមហ៊ុនមួយនេះ ដែលធ្វើឲ្យតម្លៃហ៊ុន Tesla ដាំក្បាលចុះជាខ្លាំង និងធ្វើឲ្យក្រុមវិនិយោគិនខាតបង់មិនស្ទើរទេ។

ដូច្នេះ ដើម្បីជៀសវៀងបញ្ហាមួយនេះ Elon Musk គួរតែស្វែងរកប្រភពជំនួយពីខាងក្រៅ ដើម្បីត្រៀមដោះស្រាយបញ្ហានៅក្រុមហ៊ុន X ជាជាងការលក់ភាគហ៊ុនច្រើនសំបើមនៅក្រុមហ៊ុន Tesla។

យ៉ាងណា នេះគ្រាន់តែជាមតិយោបល់របស់ធនាគារឯកជន Wedbush Securities ប៉ុណ្ណោះ ចំណែកឯការសម្រេចចិត្តគឺស្ថិតនៅលើមហាសេដ្ឋី Elon Musk ហើយបើមើលតាមស្ថានការណ៍​ជាក់ស្ដែង គឺអាចដឹងបានថា បើសិនជា Elon Musk មិនកែប្រែទម្លាប់ដឹកនាំរបៀបនេះ ក្រុមវិនិយោគិននៅក្រុមហ៊ុន Tesla អាចនឹងនាំគ្នាបះបោរ ឬអាចឈានដល់ការប្ដឹងផ្ដល់គ្នាថែមទៀត៕