ឧកញ៉ា តែ តាំងប៉ ក្នុងនាមប្រធានក្រុមប្រឹក្សាភិបាល សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និង FASMEC នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ បានចេញលិខិតថ្លែងអំណរគុណជាអនេក ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួមពិធីចូលក្រាបថ្វាយបង្គំគាល់ព្រះមហាក្សត្រ។
លោកឧកញ៉ា ប្រធានសមាគមយល់ឃើញថា កាយវិការដ៏ប្រពៃនេះ បានបង្ហាញឱ្យឃើញនូវសន្តានចិត្ត ក្នុងការរួបរួមជាមហាគ្រួសារខ្មែរ ព្រមទាំងបង្ហាញសកម្មភាពជោគជ័យដ៏ត្រចេះត្រចង់ និងមោទនភាព។ ជាថ្មីម្តងទៀត សមាគមមូលនិធិសម្តេចតេជោ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត នឹងចងចាំទុកក្នុងចិត្ត និងកាយវិការ និងទឹកចិត្តដ៏សប្បុរសនេះ។
គួររំឭកថា ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងលោកជំទាវ ទឹម គឹមហ៊ាង បានដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល ចំនួន ១០៨រូប ចូលក្រាបថ្វាយបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅព្រះរាជដំណាក់សិរីមង្គលនៃព្រះបរមរាជវាំង កាលពីព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០២៤។
ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនោះ ឧកញ៉ា តែ តាំងប៉ បានក្រាបបង្គំទូលថ្វាយនូវសកម្មភាពជាច្រើន នាពេលកន្លងមករបស់សមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងបានថ្វាយនូវព្រះរាជតង្វាយរួមមានអង្ករ និងថវិកាមួយចំនួន ដើម្បីចូលរួមដង្ហែក្នុងព្រះរាជសកម្មភាពសប្បុរសធម៌ដ៏ឧត្តុង្គឧត្តមប្រកបដោយទសពិធរាជធម៌របស់ ព្រះអង្គទាំងទ្វេ ដែលតែងតែមានព្រះរាជហឬទ័យខ្វល់ខ្វាយជាប់ជានិច្ចអំពីសុខទុក្ខរបស់ប្រជារាស្ត្រជាកូនជាចៅរបស់ព្រះអង្គ៕