លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បើកកិច្ចប្រជុំតំបូងរបស់ខ្លួនជាមួយក្រុមការងារអន្តរក្រសួង ដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើសំណើសុំគោរមងារ និងការ បញ្ចប់គោរមងារឧកញ៉ា កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៤។
កិច្ចប្រជុំនេះក៏មានការចូលរួមពីអនុប្រធានសមាគមឧកញ៉ាកម្ពុជា គឺអ្នកឧកញ៉ា លី ហួរ ព្រមទាំងថ្នាក់ដឹកនាំក្រសួងស្ថាប័នជាក្រុមការងារអន្តរក្រសួងជាច្រើនរូប។ បើតាមទីស្តីការគណៈរដ្ឋមន្ត្រី កិច្ចប្រជុំនេះបានធ្វើការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីបែបបទនិងនីតិវិធី នៃការស្នើសុំនិងវាយតម្លៃក្នុងការផ្ដល់គោរមងារឧកញ៉ា និងការបញ្ចប់ គោរមងារឧកញ៉ា។
សេចក្តីព្រាងអនុក្រឹត្យនេះកំណត់អំពីបែបបទនិងនីតិវិធីនៃការស្នើសុំនិងការវាយតម្លៃក្នុងការផ្ដល់គោរមងារឧកញ៉ាទំហំទឹកប្រាក់នៃអំណោយនិងវិភាគទាន របកគំហើញ បច្ចេកវិទ្យាថ្មីៗឬស្នាដៃពិសេស ព្រមទាំងបែបបទនិងនីតិវិធីនៃការបញ្ចប់ គោរមងារឧកញ៉ា ដើម្បីធានាបាននូវសេចក្ដីថ្លៃថ្នូរ ទំនៀមទម្លាប់ ប្រពៃណីល្អ សណ្ដាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ទ្រង់ឡាយព្រះហស្តលេខា «ព្រះរាជក្រឹត្យស្តីពីគោរមងារឧកញ៉ា» ថ្មី ខណៈដែលព្រះរាជក្រឹត្យស្តីពីគោរមងារឧកញ៉ា ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ត្រូវទុកជានិរាករណ៍។ ព្រះរាជក្រឹត្យស្តីពីឧកញ៉ាថ្មីនេះ នៅត្រង់ជំពូកទី២ បានចែងអំពីស្ថាប័នមានសមត្ថកិច្ច ក្នុងនោះ មាត្រា៤ បានចែងថា ត្រូវបានបង្កើតគណៈកម្មការអន្តរក្រសួងពិនិត្យនិងវាយតម្លៃលើសំណើសុំគោរមងារនិងការបញ្ចប់គោរមងារឧកញ៉ា មានសមត្ថកិច្ចពិនិត្យ វាយតម្លៃ និងលើកយោបល់ជូននាយករដ្ឋមន្ត្រីលើសំណើសុំផ្តល់និងបញ្ចប់គោរមងារឧកញ៉ា។
បន្ទាប់ពីអនុក្រឹត្យនេះចេញឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានសេចក្តីសម្រេចចំនួន២ទំព័រ តែងតាំងសមាសភាពគណៈកម្មការអន្តរក្រសួងដើម្បីពិនិត្យ និងវាយតម្លៃលើសំណើសុំគោរមងារ និងការបញ្ចប់គោរមងារឧកញ៉ា ដោយរដ្ឋមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រីជាប្រធាន និងអនុប្រធានចំនួន ២រូប ព្រមទាំងសមាជិក ៦រូបទៀត ដែលរួមទាំងតំណាងសមាគមឧកញ៉ាកម្ពុជាផងដែរ៕