រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលមានសមាសភាពចំនួន ៤៥រូប ដែលមានតួនាទីដឹកនាំ សម្របសម្រួលនិងអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ ឆ្នាំ២០២៤ រួមទាំងវិធានការដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ។ នេះបើតាមសេចក្តីសម្រេចចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។
សេចក្តីសម្រេចរាជរដ្ឋាភិបាលតែងតាំងលោក ហ៊ាន សាហុីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន និងអនុប្រធានចំនួន ៣រូបមកពីក្រសួងសេដ្ឋកិច្ច, គណៈកម្មការវិនិយោគកម្ពុជា និងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ព្រមទាំងសមាជិកចំនួន ២៥រូប មកពីក្រសួងស្ថាប័នពាក់ព័ន្ធ និងមានលេខាធិការដ្ឋានជាសេនាធិការចំនួន ១៥រូប។
ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើរតួនាទីជាច្រកចូលតែមួយ ដែលមានសិទ្ធិពិនិត្យ, សម្រេច, និងផ្តល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណនានាជាកញ្ចប់ទៅលើគម្រោងវិនិយោគ និងសកម្មភាពធុរកិច្ច។ ជាមួយគ្នានេះ ក៏មានតួនាទីធ្វើការផ្សព្វផ្សាយជាសាធារណៈនូវកម្មវិធីពិសេសឲ្យបានទូលំទូលាយ, ធ្វើការពន្យល់ឲ្យបានច្បាស់លាស់ និងត្រឹមត្រូវ, និងផ្តល់សេវាបដិសណ្ឋារកិច្ច និងកិច្ចសហការល្អដល់វិនិយោគិន នងិធុរជនទាំងក្នុង និងក្រៅប្រទេស។
បន្ថែមពីនេះ ក៏ត្រូវពិនិត្យ, វាយតម្លៃ និងផ្តល់ការអនុម័តរាល់គម្រោងវិនិយោគ និងសកម្មភាពធុរកិច្ចសម្រាប់ទទួលបាននូវការលើកទឹកចិត្ត និងការអនុគ្រោះនានាពីរាជរដ្ឋាភិបាលដែលស្ថិតក្រោមវិសាលភាពនៃកម្មវិធីពិសេស។
សូមជម្រាបជូនថា ការដាក់ចេញកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ធ្វើឡើងបន្ទាប់ពីអគារជាច្រើនបាននឹងកំពុងឈរជ្រោងកណ្តាលក្រុងព្រះសីហនុ ក្រោយជួបវិបត្តិកូវីដ១៩ និងបញ្ហាវិបត្តិសេដ្ឋកិច្ចសកលបានធ្វើឲ្យក្រុមវិនិយោគិនដែលបានបោះទុនវិនិយោគក្នុងខេត្តជាប់មាត់សមុត្រមួយបង្វែគោលដៅចាកចេញពីកម្ពុជា ដោយបន្សល់ទុកនៅអគារជាប់គាំងជាច្រើនគម្រោង។
រាជរដ្ឋាភិបាលដើម្បីជំរុញការការងារដោះស្រាយបញ្ហានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅថ្ងៃទី៣១ ខេមករា ឆ្នាំ២០២៤ បានរៀបចំវេទិកាជំរុញការវិនិយោគដោយហៅក្រុមអ្នកឧកញ៉ា ឧកញ៉ា អ្នកវិនិយោគជាច្រើនរូបចូលរួមដោះស្រាយបញ្ហាទាំងអស់នោះ៕