រាជរដ្ឋាភិបាលកម្ពុជា ប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនៅ«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» នាព្រឹក ថ្ងៃពុធ ទី៣១ ខែមករា នេះ ដែលមានការចូលរួមពីក្រុមអ្នកឧកញ៉ា ឧកញ៉ា និងក្រុមវិនិយោគិនបរទេសជាច្រើនរយនាក់។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បញ្ជាក់ថា កម្មវិធីពិសេសនេះ ដើម្បីជំរុញសកម្មភាពធុរកិច្ច និងការវិនិយោគសំដៅប្រែក្លាយខេត្តព្រះសីហនុឱ្យទៅជា ខេត្តដឹកមុខក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ស្ថានភាពសេដ្ឋកិច្ចពិភពលោក និងតំបន់កំពុងតែបន្តប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់។
ជាមួយគ្នានេះ សម្ដេចអធិបតីបានអំពាវនាវដល់វិស័យឯកជនធ្វើការសិក្សា និងពិនិត្យលទ្ធភាពវិនិយោគនៅខេត្តព្រះសីហនុ ដើម្បីទទួលបានការផ្ដល់ជូនពិសេសពីរាជរដ្ឋាភិបាល បន្ទាប់ពីបានដាក់ចេញនូវ«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤»។
សូមជម្រាបថា «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» រៀបចំឡើងដោយឈរលើទស្សនទានគោលចំនួន៤រួមមាន៖ ទី១៖ កែប្រែមុខមាត់ខេត្តព្រះសីហនុ ឱ្យទៅជាខេត្តដែលមានមូលដ្ឋានសេដ្ឋកិច្ចពឹងផ្អែកលើឧស្សាហកម្ម, ទេសចរណ៍ និងការវិនិយោគ, ទី២៖ ដោះស្រាយបញ្ហាប្រឈមជាក់ស្តែង ដែលផ្តល់លទ្ធផលរហ័ស, ទី៣៖ ដាក់ចេញនូវវិធានការអនុវត្តជាក់ស្តែង ដែលមានលក្ខណៈជាការបំពេញបន្ថែមប្រកបដោយសង្គតិភាព ទៅនឹងគោលនយោបាយ និងយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល និងទី៤៖ បង្កើនល្បឿននៃការធ្វើបរិវត្តកម្ម និងការអភិវឌ្ឍឧស្សាហកម្ម ក្នុងខេត្តព្រះសីហនុ ឱ្យមានតម្លៃបន្ថែម និងមានឧត្តមភាពប្រកួតប្រជែងខ្ពស់។
លើសពីនេះ កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ បានកំណត់ដាក់ចេញនូវវិធានការគន្លឹះមួយចំនួនដែលមានសារៈសំខាន់សម្រាប់ការជំរុញលើកទឹកចិត្តសកម្មភាពនៃការវិនិយោគ និងធុរកិច្ចនៅក្នុងខេត្ត រួមមានជាអាទិ៍៖ ការសម្រួលនីតិវិធី និងការបំពេញបែបបទ ពាក់ព័ន្ធនឹងការវិនិយោគ និងការធ្វើធុរកិច្ច, ការសម្រួលក្នុងការផ្តល់លិខិតអនុញ្ញាត និងទិដ្ឋាការ, ការផ្តល់ការលើកទឹក ចិត្តពន្ធ អាករ, ការលើកលែងកម្រៃសេវាសាធារណៈ ឬ ការអនុគ្រោះផ្សេងៗ ពាក់ព័ន្ធនឹងការសាងសង់, ការរៀបចំតំបន់អភិវឌ្ឍន៍តាមភូមិ-សង្កាត់ និងផ្លូវសំខាន់ៗ, ការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ, ការអភិវឌ្ឍតំបន់ឧស្សាហកម្ម និងការអភិវឌ្ឍដីដែលមានសក្តានុពល សម្រាប់តំបន់ប្រមូលផ្តុំ ឧស្សាហកម្ម ឬសហគ្រាស និង/ឬតំបន់ទេសចរណ៍៕