អ្នកឧកញ៉ា លី ឃុនថៃ ទទួលការតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលថ្មី នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លី ឃុនថៃ ​​​​អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និង​ជា​ប្រធានក្រុមហ៊ុន អាល់ហ្វា គ្រុប (ALPHA Group) ​​ទទួល​បាន​​ការ​តែងតាំង​ជា ប្រធាន​ក្រុមប្រឹក្សាភិបាល​ថ្មី របស់​សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU) ​​ដោយ​មាន​ការចុះ​ហត្ថលេខា​​ទទួល​ស្គាល់​ជាផ្លូវការ​​ពី​​លោក​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ​​កាលពី​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា ឌួង លាង ស្ថាបនិក និង​ជាប្រធានកិត្តិយស សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែល​ធ្លាប់​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ចាស់ ​​បាន​លើក​ឡើង​លើ​ទំព័រ​ហ្វេសប៊ុក កាលពី​ថ្ងៃទី៣០ ខែមករា ​​យ៉ាង​ដូច្នេះ​ថា៖ “ខ្ញុំបាទ ឌួង លាង ជាស្ថាបនិក និងជាប្រធានកិត្តិយស សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប សូមអបអរសារទរ​ជូនចំពោះ អ្នកឧកញ៉ា​កិត្តិបណ្ឌិត លី ឃុនថៃ ត្រូវ​បានក្រុមប្រឹក្សាភិបាល តែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលថ្មី របស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU)”។

ឧកញ៉ា ឌួង លាង ​បាន​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា ក្នុងតួនាទីថ្មីនេះ អ្នកឧកញ៉ា​ លី ឃុនថៃ បានមានប្រសាសន៍ថា ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ អ្នកឧកញ៉ា​មានផែនការអភិវឌ្ឍ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប​ មានដូចជា៖

១. រៀបចំពិធីចែកសញ្ញាបត្រជូននិស្សិត​ដែលបានបញ្ចប់ការសិក្សា ប្រមាណជិត ៣ពាន់នាក់។
២. កែសម្រួលបរិស្ថាន អគារប្រាក់ (ផ្លូវកម្ពុជាក្រោម) ឱ្យកាន់តែល្អ ដោយបំពាក់ជណ្តើរយន្ត បំពាក់ម៉ាស៊ីនត្រជាក់ និងបរិក្ខាសិក្សាទំនើបៗ។
៣. ពង្រីកចំណតបន្ថែម ដើម្បីឆ្លើយតបនឹងកំណើននិស្សិតចេះតែកើនឡើងឥតឈប់ឈរ។
៤. បន្តពង្រឹង និងពង្រីក ឧត្តមភាព គុណភាពសិក្សា និងការស្រាវជ្រាវ ព្រមទាំងសម្ភារៈរូបវ័ន្តទំនើប ជាពិសេសស្វែងរក​ទីផ្សារការងារជូននិស្សិតគ្រប់កម្រិតសិក្សាឱ្យកាន់តែទូលំទូលាយ។

សូម​ជម្រាប​ថា សាកលវិទ្យាល័យអាស៊ីអឺរ៉ុប​ (AEU) បាន​បង្កើតឡើងក្នុងឆ្នាំ២០០៣ ដោយ​ឧកញ៉ា ឌួង លាង​ ជាគ្រឹះស្ថាន​ឧត្តមសិក្សា​ឯកជនមួយ ដែលមានទីតាំងស្ថិតនៅក្នុង​រាជធានីភ្នំពេញ។ បច្ចុប្បន្ន​សាកលវិទ្យាល័យ​នេះ​ មានមហាវិទ្យា​ល័យ​ចំនួន​ ៥ ដែលមានឯកទេសផ្សេងៗគ្នា ពីថ្នាក់បរិញ្ញាបត្ររង រហូតដល់បណ្ឌិត រួមមាន៖ ១.មហាវិទ្យាល័យសិល្ប: មនុស្ស និង​ ភាសា ២. មហាវិទ្យាល័យវិទ្យាសាស្រ្ត និង​ បច្ចេកវិទ្យា ៣. មហាវិទ្យាល័យសង្គមសាស្រ្ត និង​ សេដ្ឋកិច្ចនីតិសាស្ត្រ និង​ វិទ្យាសាស្រ្ត ៤. មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្មនិង ទេសចរណ៍ ៥. មហាវិទ្យាល័យនីតិសាស្រ្ត និង​ វិទ្យាសាស្រ្ត​នយោបាយ៕