ព្រះចៅស៊ុលតង់ Ibrahim Sultan Iskandar ឆ្លងកាត់វិស័យយោធា​ជោគ​ជាំ​ មុនឡើងសោយរាជ្យជាស្តេចម៉ាឡេស៊ី

អន្តរជាតិ

ព្រះចៅស៊ុលតង់ Ibrahim Sultan Iskandar នាថ្ងៃទី៣១ ខែមករានេះ បានស្បថចូលកាន់តំណែងជាផ្លូវការ ក្នុងនាមជាស្តេចនៃប្រទេសម៉ាឡេស៊ីទី១៧ សម្រាប់រយ:ពេល ៥ឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះចៅស៊ុលតង់ Ibrahim ត្រូវបានជ្រើសរើសជាស្ដេចម៉ាឡេស៊ីថ្មី កាលពីខែតុលា ឆ្នាំ២០២៣ បន្តពីព្រះចៅ Al-Sultan Abdullah Ri’ayatuddin Al-Mustafa Billah Shah ដែលបានផុតអាណត្តិដឹកនាំប្រទេស កាលពីថ្ងៃទី៣០ ខែមករាថ្មីៗនេះ។

យ៉ាងណាមិញ ចំពោះការឡើងសោយរាជ្យនេះ តើព្រះចៅស៊ុលតង់ Ibrahim Sultan Iskandar មានជីវប្រវត្តិបែបណាខ្លះ?

ព្រះចៅស៊ុលតង់ Ibrahim បានប្រសូតនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ១៩៥៨ នៅមន្ទីរពេទ្យ Sultanah Aminah នាទីក្រុង Johor Bahru ហើយត្រូវជាបុត្រច្បងរបស់ព្រះចៅ Almarhum Sultan Iskandar Sultan Ismail និងព្រះមាតា​ Almarhumah Enche’ Besar Khalsom Abdullah ។

ព្រះអង្គម្ចាស់ Ibrahim បានទទួលការអប់រំដំបូងនៅសាលាមត្តេយ្យ Tunku Ampuan Mariam ក្នុងទីក្រុង Johor Bahru មុនពេលព្រះអង្គបានចុះឈ្មោះចូលរៀននៅសាលាបឋមសិក្សា Sekolah Temenggong Abdul Rahman ។

បន្ទាប់មកទៀត ព្រះអង្គម្ចាស់ Ibrahimត្រូវបានបញ្ជូនឲ្យទៅរៀននៅសាលា Trinity Grammar School ក្នុងទីក្រុង Sydney ប្រទេសអូស្ត្រាលី ពីឆ្នាំ ១៩៦៨-១៩៧០ មុនពេលត្រឡប់មកកាន់ទីក្រុង Johor Bahru វិញ សម្រាប់ការសិក្សានៅមហាវិទ្យាល័យភាសាអង់គ្លេស Maktab Sultan Abu Bakar ពីឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧៥ ។

ព្រះអង្គម្ចាស់ Ibrahimបានទៅបន្តការសិក្សានៅសាលាច្បាប់ និងផ្នែកការទូត Fletcher នៅទីក្រុង Boston រដ្ឋ Massachusetts សហរដ្ឋអាមេរិក ជាកន្លែងដែលព្រះអង្គបានបញ្ចប់វគ្គសិក្សាចំនួនពីរគឺ យុទ្ធសាស្ត្រអាស៊ីអាគ្នេយ៍ និង ច្បាប់អន្តរជាតិនៃដែនសមុទ្រ ។

ក្រោយពីបញ្ចប់ការសិក្សា​សព្វ​គ្រប់ហើយ ព្រះអង្គម្ចាស់ Ibrahimបាន​ចាប់​ផ្តើមចូល​ហ្វឹកហ្វឺន​ក្នុង​វគ្គ​បណ្តុះបណ្តាល​យុទ្ធសាស្ត្រ​មន្ត្រី​វ័យក្មេង​ នៅ​សាលា​ហ្វឹកហ្វឺន​កងទ័ព​ម៉ាឡេស៊ី (PULADA) ក្នុង​ទីក្រុង Kota Tinggi ដែល​ពេលនោះទ្រង់​ត្រូវបាន​តែងតាំង​ជា​មេបញ្ជាការ​កងអនុសេនាតូច។

ក្រោយមកទៀតព្រះអង្គម្ចាស់ បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលមន្ត្រីវ័យក្មេងនៅ Fort Benning រដ្ឋ Georgia ក្នុងសហរដ្ឋអាមេរិក ដែលជាកន្លែងទ្រង់បានចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលកងទ័ពអាកាស និងអនុរក្សសម្រាប់មន្រ្តីថ្មើរជើង។

ទន្ទឹមនឹងនោះ ព្រះអង្គម្ចាស់ ក៏បានចូលរួមវគ្គបណ្តុះបណ្តាល Green Beret and Pathfinder របស់កងកម្លាំងពិសេសអាមេរិក សម្រាប់ជំនាញលោតឆ័ត្រយោង ខណ:ពេលដែលព្រះអង្គម្ចាស់ Ibrahim ក៏ជាសមាជិកនៃកងកម្លាំង SEAL របស់សហរដ្ឋអាមេរិក និងជាសមាជិកកិត្តិយសនៃកងទ័ពអាកាស KOPASSUS របស់ឥណ្ឌូនេស៊ី ផងដែរ។

នៅពេលត្រឡប់មកកាន់ទីក្រុង Johor ប្រទេសម៉ាឡេស៊ីវិញ ព្រះអង្គម្ចាស់ Ibrahim បានឆ្លងកាត់ការបណ្តុះបណ្តាលជាអ្នកបើកឧទ្ធម្ភាគចក្រ ជាមួយ Royal Malaysian Air Force និងបន្តចូលរៀនជាមន្ត្រីកងទ័ពជើងទឹក Royal Malaysian អស់រយៈពេល ៣ខែ នៅឯមូលដ្ឋាន RMN ក្នុងទីក្រុង Lumut រដ្ឋ Perak ដែលធ្វើឲ្យព្រះអង្គក្លាយជាទាហាន កងទ័ពជើងទឹក និងកងទ័ពអាកាសពេញលេញ។

ក្រៅពីនោះ ព្រះអង្គម្ចាស់ Ibrahim ក៏បានបម្រើការនៅក្នុងជួររដ្ឋាភិបាលរដ្ឋ Johor នៅក្នុងការិយាល័យជាច្រើន ដោយក្នុងនោះមានដូចជាការគ្រប់គ្រង និងក្នុងនាមជាប្រមុខមេដឹកនាំនៅក្នុងកិច្ចការជាច្រើនទៀត។

ព្រះអង្គម្ចាស់ Ibrahim ត្រូវបានតែងតាំង​ជា​អ្នក​ស្នង​មរតក និង​ត្រូវបាន​ប្រកាស​ជា​ព្រះអង្គម្ចាស់​នៃ​ក្រុង Johor នៅ​ថ្ងៃ​ទី៣ ខែ​កក្កដា ឆ្នាំ១៩៨១ ហើយរហូតដល់ឆ្នាំ២០២៤ នេះ ត្រូវបានប្រកាសឡើងសោយរាជ្យជាស្តេចទី១៧ នៃប្រទេសម៉ាឡេស៊ី តាមការផ្លាស់ប្តូរវេនគ្នា​ ក្នុងចំណោមខ្សែ​រាជវង្ស​។

គួរបញ្ជាក់ថា ទ្រព្យសម្បត្តិរបស់គ្រួសារព្រះអង្គម្ចាស់ Ibrahim ត្រូវបានវាយតម្លៃឲ្យដឹងថាមានយ៉ាងតិច ៥,៧ពាន់លានដុល្លារ ។ នេះបើយោងតាមការប៉ាន់ស្មានដោយសារព័ត៌មាន Bloomberg៕