ទីក្រុងធំៗចំនួនពីរបស់ប្រទេសចិន គឺស៊ូចូវ និងសៀងហៃ បានយកគំរូតាមទីក្រុងក្វាងចូវ ក្នុងការបន្ធូរបន្ថយច្បាប់រឹតបន្តឹងការទិញផ្ទះ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការលក់អចលនទ្រព្យនៅក្នុងប្រទេសឡើងវិញ ខណ:ពេលដែលវិស័យនេះនៅតែបន្តរងគ្រោះខ្លាំងដោយសារតែវិបត្តិ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន The Paper បានរាយការណ៍កាលពីថ្ងៃអង្គារ ទី៣០ ខែមករាកន្លងទៅថា ទីក្រុងស៊ូចូវ ដែលស្ថិតនៅភាគខាងកើតប្រទេសចិន បានធ្វើការបន្ធូរបន្ថយទាំងស្រុងនូវច្បាប់រឹតបន្តឹងការទិញផ្ទះ សម្រាប់ទីផ្សារផ្ទះថ្មីៗ និងផ្ទះលក់បន្ត។
គួរឲ្យដឹងផងដែរថា នៅមុនពេលមានការបន្ធូរបន្ថយនេះ អ្នកស្រុកទីក្រុងស៊ូចូវ ត្រូវបានអនុញ្ញាតឲ្យទិញអាផាតមិន មិនឲ្យលើសពីបីឡើយ ហើយអាផាតមិន នីមួយៗត្រូវមានទំហំតិចជាង ១២០ម៉ែត្រការ៉េ ប៉ុណ្ណោះ។
ទន្ទឹមនឹងនេះ ទីក្រុងសៀងហៃ កាលពីថ្ងៃអង្គារ ក៏បានដាក់ចេញវិធានការបន្ធូរបន្ថយដែនកំណត់នៃការទិញផ្ទះមួយចំនួនក្នុងទីក្រុងរបស់ខ្លួនផងដែរ ដោយអនុញ្ញាតឲ្យម្ចាស់ផ្ទះ ដែលមិនមែនជាអ្នករស់នៅទីក្រុងសៀងហៃ និងអ្នកដែលនៅលីវ អាចធ្វើការទិញផ្ទះនៅក្នុងតំបន់មួយចំនួនក្នុងទីក្រុងបាន។
ជម្រាបជូនផងដែរថា ទីផ្សារអចលនទ្រព្យដែលធ្លាប់ជាសសរស្តម្ភនៃប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោក បានទទួលរងនូវវិបត្តិបំណុលធ្ងន់ធ្ងរ ចាប់តាំងពីឆ្នាំ២០២១ មក ដែលបណ្តាលឲ្យក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យធំៗជាច្រើន ខកខានក្នុងការសងបំណុល ឬពន្យារពេលក្នុងការទូទាត់បំណុលរបស់ពួកគេ៕