ឱនភាពពាណិជ្ជកម្មរវាងថៃ និងចិនបន្តកើនឡើងដល់ចំនួន ៣៦ពាន់លានដុល្លារ

អន្តរជាតិ

ប្រទេសថៃនៅតែបន្តកើនឡើងឱនភាពពាណិជ្ជកម្មជាមួយប្រទេសចិននៅរយៈពេលប្រាំឆ្នាំជាប់ៗគ្នា ពោលពីចំនួន ២៩ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ដល់ចំនួន ៣៦ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៣ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Nation ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រទេសថៃបាននាំចូលទំនិញពីប្រទេសចិនច្រើនជាងការនាំចេញ តួយ៉ាងកាលពីឆ្នាំ២០២៣ ការនាំចូលរបស់ថៃពីប្រទេសចិនមានចំនួនសរុប ១០៥ពាន់លានដុល្លារ ខណៈដែលការនាំចេញទៅចិនវិញមានចំនួនត្រឹមតែ ៦៩ពាន់លានដុល្លារប៉ុណ្ណោះ។

យោងតាមលោក Chaichan Charoensuk ប្រធានក្រុមប្រឹក្សាអ្នកដឹកជញ្ជូនថៃ និងក្រុមប្រឹក្សាអ្នកនាំចេញបានលើកឡើងថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ថៃ ដែលស្មើនឹង២២% នៃពាណិជ្ជកម្មសរុបរបស់ប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។ ក្នុងនោះថៃនាំចូលទំនិញជាច្រើនប្រភេទពីប្រទេសចិន រួមទាំងគ្រឿងអេឡិចត្រូនិច គ្រឿងម៉ាស៊ីន និងសារធាតុគីមី ចំណែកឯការនាំចេញវិញភាគច្រើនជាផលិតផលកសិកម្ម តួយ៉ាងដូចជាកៅស៊ូ អង្ករ និងអាហារសមុទ្រ។

ឱនភាពពាណិជ្ជកម្មជាមួយប្រទេសចិនយ៉ាងដូច្នេះ គឺជាកង្វល់ដ៏ធំមួយសម្រាប់រដ្ឋាភិបាលថៃ ម្យ៉ាងរដ្ឋាភិបាលក៏កំពុងធ្វើការដើម្បីកាត់បន្ថយឱនភាពដោយលើកកម្ពស់ការនាំចេញ តាមរយៈការកែលម្អគុណភាពផលិតផលរបស់ខ្លួន​ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការនាំចេញទៅកាន់ប្រទេសចិន។

គួរជម្រាបផងដែរថា ឱនភាពពាណិជ្ជកម្មនេះក៏ជាសញ្ញានៃបញ្ហាប្រឈមចំពោះក្រុមអ្នកផលិតថៃផងដែរ ព្រោះថានៅពេលដែលសេដ្ឋកិច្ចរបស់ប្រទេសចិនបានរីកចម្រើន ប្រទេសនេះបានក្លាយជាអ្នកផលិតដ៏សំខាន់ ហើយប្រការនេះហើយបានធ្វើឲ្យធុរកិច្ចថៃកាន់តែលំបាកក្នុងការប្រកួតប្រជែងជាមួយអ្នកផលិតចិន ដែលនាំឲ្យមានការនាំចូលទំនិញពីប្រទេសចិនកាន់តែកើនឡើង៕