លោក Jimmy Donaldson ដែលគ្រប់គ្នាស្គាល់ថា MrBeast កំពុងមានឥទ្ធិពលខ្លាំងលើប្រព័ន្ធអនឡាញ ដោយរូបលោកបានកើបប្រាក់ចំណូលប្រហែល ៨២លានដុល្លារ ពីវិស័យឌីជីថល និងធ្វើឲ្យលោកក្លាយជាបុគ្គលមានចំណូលខ្ពស់បំផុតម្នាក់ និងមានឥទ្ធិពលមួយរូបនៅក្នុងវិស័យមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Forbes។
ប្រាក់ចំណូលដ៏ច្រើនសន្ធឹកមួយនេះ បានមកពីឆាណែល YouTube របស់លោកដែលមានអ្នក Subscribe រហូតដល់ ២៣៤លានគណនី ស្របពេលប្រភពចំណូលផ្សេងទៀតដូចជា បណ្ដាញសង្គម Facebook និង X ជាដើម។
ក្រៅពីការរកចំណូលពីប្រព័ន្ធអ៊ីនធឺណិត MrBeast ក៏មានអាជីវកម្មផ្ទាល់ខ្លួនជាច្រើនទៀតដូចជា ហាងលក់សម្លៀកបំពាក់ និងហាងលក់សូកូឡា Feastables ដែលកំពុងទទួលបានការគាំទ្រខ្លាំង។
សូមជម្រាបដែរថា បច្ចុប្បន្ននេះទ្រព្យសម្បត្តិរបស់ YouTuber ល្បីឈ្មោះម្នាក់នេះ ត្រូវបានគេប៉ាន់ប្រមាណថា មានប្រហែល ៥០០លានដុល្លារ និងមានក្ដីរំពឹងថា បើសិនជាជំនួញរបស់គេនៅបន្តបង្ហាញសញ្ញាវិជ្ជមានបែបនេះ នោះតំណែងជាមហាសេដ្ឋី គេច្បាស់ជាអាចទទួលវាបានជាមិនខាន៕