ក្រសួងសេដ្ឋកិច្ច បានប្រកាសដាក់សម្ពោធជាផ្លូវការ «មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)» ដើម្បីចូលរួមដោះស្រាយបញ្ហាកង្វះខាតកម្លាំងពលកម្មជំនាញនៅកម្ពុជា ពិសេសឈានទៅពង្រឹងជំនាញឱ្យត្រូវនឹងតម្រូវការវិស័យឯកជននៅកម្ពុជា។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៣១ ខែ មករា ឆ្នាំ ២០២៤ បានឱ្យដឹងថា «មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ត្រូវបានសម្ពោធដាក់ដំណើរការ បានសម្ពោធជាផ្លូវការក្រោមប្រធានបទ៖ “អភិវឌ្ឍជំនាញ, អភិវឌ្ឍអាជីវកម្ម, អភិវឌ្ឍខ្លួនយើងទាំងអស់គ្នា” ដោយមានការចូលរួមពីលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ,អ្នកឧកញ៉ា, លោកឧកញ៉ា និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាល, ដៃគូអភិវឌ្ឍន៏, វិស័យឯកជន, និងគ្រឹះស្ថានបណ្តុះបណ្តាល។
ក្រសួងសេដ្ឋកិច្ច បានឱ្យដឹងថា កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រកាសជាផ្លូវការអំពីការប្រែក្លាយគម្រោងសាកល្បងយន្តការគ្រប់គ្រងមូលនិធិអភិវឌ្ឍន៍ជំនាញទៅជាស្ថាប័នអចិន្រ្តៃយ៍ (Trust Fund) និងការបង្ហាញពីសមិទ្ធផល និងកម្មវិធីថ្មីៗរបស់មូលនិធិអភិវឌ្ឍន៍ជំនាញក្នុងគោលដៅពង្រឹង និងពង្រីកការអភិវឌ្ឍជំនាញឱ្យត្រូវនឹងតម្រូវការវិស័យឯកជន ព្រមទាំងការចុះអនុស្សរណៈយោគយល់គ្នាជាមួយដៃគូយុទ្ធសាស្រ្ត និងកម្មវិធីប្រគល់ពានរង្វាន់ដល់ដៃគូដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍជំនាញ។
មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ត្រូវបានផ្តួចផ្តើម និងបង្កើតឡើងដំបូង ជាគម្រោងសាកល្បង ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីខែមីនា ឆ្នាំ២០១៨ ក្នុងគោលបំណងធ្វើតេស្ដសាកល្បង យន្ដការថ្មី និងមានលក្ខណៈនវានុវត្តន៍ ដើម្បីកៀរគរ, គ្រប់គ្រង និងបែងចែកធនធាន ក្នុងគោលដៅពង្រឹង និងពង្រីកការអភិវឌ្ឍជំនាញឱ្យត្រូវនឹងតម្រូវការវិស័យឯកជន និងការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចជាតិ។
ជាងនេះទៀត គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ ក៏ចូលរួមដោះស្រាយបញ្ហាកង្វះខាតកម្លាំងពលកម្មជំនាញនៅកម្ពុជា តាមរយៈការផ្តល់សហហិរញ្ញប្បទាន ដែលមានលក្ខណៈនវានុវត្តន៍ដល់គម្រោងបណ្តុះបណ្តាល ដែល ត្រូវនឹងតម្រូវការឧស្សាហកម្ម (Demand-driven Skills Development) ដោយឈរលើគោលការណ៍ ប្រកួតប្រជែងទាំងគុណភាព និងថ្លៃបណ្តុះបណ្តាល។
ជាលទ្ធផលក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ ដោយគិតត្រឹមខែធ្នូ ឆ្នាំ២០២៣ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានគាំទ្រថវិកាលើ “កម្មវិធីបណ្ដុះបណ្ដាលជំនាញ រួមគ្នា (Joint-Training Program), កម្មវិធីឆ្លើយតបជំងឺកូវីដ-១៩ (Covid-19 Response Program) និង កម្មវិធីជាមួយសាលា (Program with School)” ដែលមានថ្លៃបណ្តុះបណ្តាល ៨.៣ លានដុល្លារ សហរដ្ឋអាម៉េរិក (ឬ ៤៨% នៃថ្លៃបណ្តុះបណ្តាលសរុប ១៧.២ លានដុល្លារ សហរដ្ឋអាម៉េរិក) ។ ក្នុងនោះមានគម្រោងចំនួន ១២១ និង សិក្ខាកាមចំនួន ១៦,០៧៥នាក់ (ស្រ្ដី = ៣៥%) ដោយបានសហការជាមួយដៃគូចំនួន ៣៥៧ ស្ថាប័ន ក្នុងនោះរួមមាន៖ រោងចក្រ-សហគ្រាសចំនួន ២៩៧, គ្រឹះស្ថានបណ្តុះបណ្តាលចំនួន ៤៤ និង សមាគមធុរកិច្ចចំនួន ១៦ ។
ហើយនៅក្នុងឆ្នាំ២០២៤, SDF នឹងមានកម្មវិធីបណ្តុះបណ្តាលថ្មីៗបន្ថែមចំនួន ២ គឺកម្មវិធីផ្គូផ្គងជំនាញ (Skills Matching Program) និងថ្នាលនៃភាពជាដៃគូ (Partnership Platform) ដើម្បីពង្រីកបរិមាណ និងលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលជំនាញឱ្យស្របទៅនឹងតម្រូវការរបស់វិស័យឯកជន ព្រមទាំងរៀបចំថ្នាលបច្ចេកវិទ្យាថ្មីដែលនឹងបង្កើនប្រសិទ្ធភាព ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងតួអង្គសំខាន់ៗ ក្នុងប្រព័ន្ធអេកូឡូស៊ីជំនាញ។
បន្ថែមពីនេះ នាឱកាសសម្ពោធនោះ ពិធីចុះអនុស្សរណៈយោគយល់គ្នាចំនួនបី ត្រូវបានរៀបចំឡើង ដែលក្នុងនោះរួមមាន ជាមួយសភាពាណិជ្ជកម្មកម្ពុជា (CCC), សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) និង ជាមួយគណៈកម្មការគ្រប់គ្រងគម្រោង ហូកា (គ.គ.ហ.) នៃក្រសួង ទេសចរណ៍ និង SwissContact និងប្រគល់ពានរង្វាន់ដល់ដៃគូដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍជំនាញ។
ជាមួយគ្នានេះផងដែរ លោក អូន ព័នមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់ អនុសាសន៍ណែនាំដល់ក្រសួងស្ថាប័ន, ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងការអភិវឌ្ឍជំនាញ ក្នុងការ ចូលរួម និងសហការឱ្យអស់ពីលទ្ធភាព ដើម្បីជាកម្លាំងចលកររួមដ៏ធំមួយ ដើម្បីសម្រេចបានការអភិវឌ្ឍមូលធនមនុស្សកម្ពុជាប្រកប ដោយចំណេះ, ជំនាញ, សមត្ថភាព, ឥរិយាបថ, និងក្រមសីលធម៌វិជ្ជាជីវៈ ស្របតាម “យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១” របស់រាជរដ្ឋាភិបាល៕ អត្ថបទ៖ រង្សី