ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សចិន ប្រកាសលក់គម្រោងអភិវឌ្ឍតម្លៃជិត ៦០០លានដុល្លារ នៅអង់គ្លេស

អន្តរជាតិ

ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យខ្នាតយក្សរបស់ប្រទេសចិន Country Garden បានសម្រេចចិត្តដាក់គម្រោងអភិវឌ្ឍលំនៅដ្ឋានតម្លៃប្រមាណ ៥៧០លានដុល្លារអាមេរិក របស់ខ្លួននៅក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ខណ:ពេលដែលពួកគេកំពុងព្យាយាមជំរុញការលក់ទ្រព្យសកម្មរបស់ខ្លួនទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស ដើម្បីទូទាត់បំណុល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទីភ្នាក់ងារអចលនទ្រព្យ Knight Frank បានបង្ហាញឲ្យដឹងថា Risland UK ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Country Garden បានជួលក្រុមហ៊ុនរបស់ខ្លួនដើម្បីធ្វើទីផ្សារ និងដាក់លក់គម្រោងអភិវឌ្ឍឈ្មោះថា Calico Wharf ដែលមិនទាន់ចាប់ផ្តើមសាងសង់នៅឡើយ ប៉ុន្តែគម្រោងដ៏ធំនេះ មានសមត្ថភាពអាចសាងសង់ផ្ទះសរុបចំនួន ១ ០០០ រួមបញ្ចូលទាំងអគារមានកម្ពស់ ២៣ ជាន់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ផងដែរ។ 

គួរឲ្យដឹងផងដែរថា មុនឈានដល់ការប្រកាសដាក់លក់គម្រោងនៅក្នុងទីក្រុងឡុងដ៏នេះ Country Garden ក៏បានដាក់លក់គម្រោងអចលនទ្រព្យរបស់ខ្លួន នៅទីក្រុងក្វាងចូវ ក្នុងប្រទេសចិនផងដែរ ក្នុងគោលបំណងទាញយកសាច់ប្រាក់ចំនួន ៥៣០លានដុល្លារ និងថែមទាំងបានយល់ព្រមលក់ភាគហ៊ុនរបស់ខ្លួន នៅក្នុងគម្រោងចុងក្រោយ ក្នុងប្រទេសអូស្ត្រាលីផងដែរ។

ជម្រាបជូនផងដែរថា Country Garden ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឯកជនដ៏ធំបំផុត នៅក្នុងប្រទេសចិន បានកំពុងស្ថិតក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យធំៗជាច្រើនផ្សេងទៀត ក្នុងការ​រើ​បម្រាស់​ពីវិបត្តិបំណុល ដែលខ្លួនបានជំពាក់រហូតដល់ទៅ ១១ពាន់លានដុល្លារ  ចាប់តាំងពីវិស័យអចលនទ្រព្យចិន បានធ្លាក់ចូលក្នុងវិបត្តិធ្ងន់ធ្ងរ នៅពាក់កណ្តាលឆ្នាំ២០២១ មក៕