យោងតាមស្ថិតិចុងក្រោយមួយ បានបង្ហាញឲ្យដឹងថាវិស័យអចលនទ្រព្យ បានរួមចំណែកធំបំផុត ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស FDI នៅក្នុងខែមករា ឆ្នាំ២០២៤ នេះ ខណ:ពេលដែលជនបរទេសជាច្រើន កំពុងបង្ហាញតម្រូវការខ្លាំងសម្រាប់អចលនទ្រព្យ នៅក្នុងប្រទេសវៀតណាមផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
យោងតាមទីភ្នាក់ងារវិនិយោគបរទេស (FIA) បានបង្ហាញឲ្យដឹងថាទឹកប្រាក់ចំនួន ១,២៧ពាន់លានដុល្លារ នៃ FDI ត្រូវបានចាក់បញ្ចូលទៅក្នុងវិស័យអចលនទ្រព្យ នៅក្នុងខែមករា ពោលគឺស្មើទៅនឹង ៥៣,៩% នៃដើមទុនវិនិយោគសរុបដែលត្រូវបានចុះបញ្ជី។
ជាមួយលទ្ធផលដ៏គាប់ប្រសើនេះ បានធ្វើឲ្យវិស័យអចលនទ្រព្យជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការទាក់ទាញ FDI មកកាន់ប្រទេសវៀតណាមច្រើនជាងគេ ខណ:ពេលដែលវិស័យកែច្នៃ និងផលិកម្ម ជាប់នៅក្នុងចំណាត់ថ្នាក់លេខ២។
ទន្ទឹមនឹងនេះ យោងតាម FIA បានរាយការណ៍ឲ្យដឹងទៀតថា លំហូរ FDI ភាគច្រើនត្រូវបានចាក់បញ្ចូលទៅក្នុងទីក្រុងហាណូយ ដោយសារតែទីនោះមានគម្រោងលំនៅដ្ឋានធំៗជាច្រើន ដែលមានតម្លៃសរុបជាង ៦៦២លានដុល្លារ។
ជម្រាបជូនទៀតផងដែរថា បច្ចុប្បន្នកំពុងមានតម្រូវការអចលនទ្រព្យដ៏ច្រើន នៅក្នុងប្រទេសវៀតណាម ក្នុងចំណោាមជនបរទេស ដូចដែលត្រូវបានស្ទង់មតិដោយវិទ្យាស្ថានស្រាវជ្រាវអចលនទ្រព្យវៀតណាម (VIRES) បានបង្ហាញថាអ្នកដែលមកវិនិយោគក្នុងវិស័យចលនទ្រព្យវៀតណាម មានដូចជាសហរដ្ឋអាមេរិក សាធារណរដ្ឋកូរ៉េ និងសិង្ហបុរី ជាដើម៕