អ្នកឧកញ៉ា មាស សុភារី ទទួលការតែងតាំងជា «ទីប្រឹក្សា» សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា

ជុំវិញ​ឧកញ៉ា

លោកស្រី​អ្នកឧកញ៉ា មាស សុភារី ត្រូវ​បាន​​ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃកម្ពុជា ត្រាស់បង្គាប់​​តែងតាំង​ផ្តល់ឋានៈ​ជា​ទីប្រឹក្សា សម្តេច​មហារដ្ឋសភាធិការ​ធិបតី ឃួន សុដារី ប្រធាន​រដ្ឋសភា នីតិកាល​ទី៧ នៃ​រដ្ឋសភា ជាមួយ​នឹង​ឥស្សរជន​ចំនួន ១៥​រូប​ទៀត នៅ​ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។ នេះ​បើ​តាម​ព្រះរាជក្រឹត្យ​លេខ នស/រកត/០១២៤/០៦៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​ឱកាស​ដ៏​រីករាយ​នេះ​ អ្នកឧកញ៉ា ទៀ ណារ៉ាវុទ្ធ ​​ដែល​ត្រូវ​ជា​ស្វាមី​របស់​លោកស្រី​អ្នកឧកញ៉ា មាស សុភារី ​​បាន​បង្ហោះ​លិខិត​លើ​ទំព័រហ្វេសប៊ុក​ ​ចូលរួម​អបអរសាទរ​ភរិយា​ជា​ទីស្រលាញ់​របស់​ខ្លួន នៅ​ល្ងាច​ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤​ ដូច្នេះ​ថា៖ “​ក្នុង​ឱកាស​ដែល​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​​តែងតាំង​អូន ជា​ទីប្រឹក្សា សម្តេច​មហារដ្ឋសភាធិការ​ធិបតី ឃួន សុដារី ប្រធាន​រដ្ឋសភា ​មាន​ឋានៈស្មើ អនុរដ្ឋលេខាធិការ ក្នុង​នាម​បងផ្ទាល់ ក៏​ដូចជា​ក្រុមគ្រួសារ​របស់​យើង ពិត​ជា​មាន​មោទកភាព​ក្រៃលែង​ចំពោះ​ការ​ទទួល​បាន​នូវ​ការ​តែងតាំង​តួនាទី​ថ្មី​នេះ ដែល​ទាំង​អស់​នេះ ជា​ស្នាដៃ​នៃ​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ស្មារតី​ជួយ​រាជរដ្ឋាភិបាល ក៏​ដូចជា​ជួយការងារ​សង្គម​កន្លង​មក។ បងក៏​សូមជូនពរ​អូន​សម្លាញ់ សូមមាន​សុខភាព​ល្អ បញ្ញា​ឈ្លាសវៃ កម្លាំង​មាំមួន អាយុយឺនយូរ សម្រស់​កាន់​តែ​ស្រស់ស្អាត និង​ជោគជ័យ​គ្រប់​ភារកិច្ច។ ដោយ​ក្តីស្រលាញ់​បំផុត​ពី​ស្វាមី”។

​​សូម​ជម្រាប​ថា លោកស្រីអ្នកឧកញ៉ា មាស សុភារី គឺជាកូនស្រីបង្កើតរបស់លោក មាស សុភា ​ឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ មានឋានៈស្មើឧបនាយករដ្ឋមន្រ្តី។ លោកស្រីឧកញ៉ា​ មាស សុភារី ​​ទទួលបានគោរមងារ «អ្នកឧកញ៉ា» នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ខណៈ​ដែល​ស្វាមី​របស់​លោកស្រី គឺ​ឧកញ៉ា ទៀ ណារ៉ាវុទ្ធ ទទួល​បាន​គោរមងារ «អ្នកឧកញ៉ា» នៅ​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣៕