ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចកំណត់យកថ្ងៃទី២៧ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម។
នេះបើយោងតាម អនុក្រឹត្យ ស្តីពី ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលចុះហត្ថលេខា ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្សាយចេញនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ក្នុងអនុក្រឹត្យខាងលើថា រាជរដ្ឋាភិបាល សម្រេចបានកំណត់យកថ្ងៃទី២៧ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីលើកកម្ពស់និងផ្តល់តម្លៃដល់វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា បង្កើតការងារ ជំរុញការផ្គត់ផ្គង់ខ្សែច្រវ៉ាក់ផលិតកម្ម និងពង្រីកទីផ្សារក្នុងស្រុកនិងទីផ្សារអន្តរជាតិ។
អនុក្រឹត្យដដែលបានបន្តថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវរៀបចំ ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ដោយសហការជាមួយក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ សហគ្រាសឯកជន សមាគម សហគមន៍ គ្រឹះស្ថានសិក្សានានា និងភាគីពាក់ព័ន្ធ។
សម្តចធិបតី បានលើកឡើងបន្ថែមថា គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ សហគ្រាសឯកជន សមាគម សហគមន៍ គ្រឹះស្ថានសិក្សានានា និងភាគីពាក់ព័ន្ធ ត្រូវចូលរួមបំផុសស្មារតីគាំទ្រទិវាជាតិនេះ និងសហការរៀបចំការតាំង បង្ហាញនូវផលិតផលដែលជាស្នាដៃរបស់ផលិតករ សេវាករ អាជីវករ និងសិប្បករក្នុងស្រុក។
លើសពីនេះ សម្តេចធិបតី ក៏បានបញ្ជារឱ្យរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុក អនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕